ខេត្តកណ្តាល៖ បុរសជនជាតិវៀតណាមម្នាក់ បានបើកម៉ូតូបំបុកបារ៉ាស់សមត្ថកិច្ច នៅច្រកទ្វារអន្តរជាតិក្អមសំណរ សម្រុកចូលក្នុងទឹកដីខ្មែរ ។ តែយ៉ាងណា ត្រូវសមត្ថកិច្ច នៃអធិការរដ្ឋាននគរបាលស្រុកលើកដែក បើកម៉ូតូប្រដេញប្រមាណជា១០គីឡូម៉ែត្រ ដល់ឃុំសណ្តា ស្រុកលើកដែក ទើបតាមចាប់បានវិញ ។

ករណីបុរសវៀតណាម ជិះម៉ូតូបំបុកចូលបារ៉ាស់សមត្ថកិច្ចសម្រុកចូលទឹកដីខ្មែរនេះ បានកើតឡើង កាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃត្រង់ថ្ងៃទី៩ ខែមីនាឆ្នាំ២០២១ ។

លោកអធិការនគរបាលស្រុកលើកដែក បានបញ្ជាក់ថា បុរសជនជាតិវៀតណាម ដែលបើកម៉ូតូសម្រុកចូលទឹកដីខ្មែរនេះ មានអាយុប្រមាណជាង៣០ឆ្នាំ។ បន្ទាប់ពីចាប់ខ្លួន សមត្ថកិច្ចបានបញ្ជូនបុរសវៀតណាមនោះ ទៅប្រទេសខ្លួនវិញ តាមការបញ្ជារបស់លោកចាប ច័ន្ទវិទ្យា អភិបាលនៃគណៈអភិបាលស្រុកលើកដែក៕