រាជធានីភ្នំពេញ៖ ខណៈដែលពិធីការិនី អ្នកនាងច័ន្ទ កែវនិមល ប្តីនិងកូនស្រី បានឆ្លងជំងឺកូវីដ-១៩ ហើយ ឱក សុគន្ធកញ្ញា និងសុគន្ធ និសា កំពុងតែសង្ស័យឆ្លងជំងឺនេះដែរ លោកកៅ សីហា អ្នដឹកនាំសម្តែងល្បីរបស់ហង្សមាស ក៏បានចេញមុខប្រាប់ស្ថានភាពរបស់លោកទៅអ្នកដែលកំពុងសួរសុខទុក្ខលោកថា លោកមិនបានជួប ច័ន្ទ កែវនិមល យូរហើយ តែលោកទើបជួបសុគន្ធកញ្ញា និងនិសា កាលពីចុងខែកុម្ភៈ នេះ។

លោកកៅ សីហា បានបង្ហោះសារនៅព្រឹកថ្ងៃទី០៩ ខែមិនា ថា “បញ្ជាក់ថា ខ្ញុំអត់បានជួប និមល យូរហើយ ត្បិតធ្វើការនៅស្ថាប័នជាមួយគ្នា តែពួកយើងមិនសូវមានការជួបប្រាស្រ័យទាក់ទងក្រៅពីការងារចាំបាច់នោះឡើយ។ ហើយពាក់ព័ន្ឋនឹងករណីរបស់សុគន្ឋកញ្ញា និសា គឺពួកខ្ញុំបានជួបគ្នា ធ្វើការជាមួយគ្នា កាលពីអំឡុងចុងសប្ដាហ៍ទី4 នៃខែកុម្ភៈ ដូច្នេះមានន័យថា កំឡុងពេលនោះ កញ្ញា ឬនិសា មិនទាន់បានជួប ឬប៉ះពាល់ និមល ដែលទើបនឹងឆ្លងកូវីដនោះឡើយ។ ហើយមុននេះ និសា ក៏បានបកស្រាយហើយថា គាត់ពុំបានជួបនិមល យូរ ដូចខ្ញុំដែរ។ មួយវិញទៀតសោត ខ្ញុំកម្រដើរចូលកន្លែងតម្រុយសង្ស័យដែលមានករណីចម្លងកូវីដ ឬទៅដើរផឹកស៊ី ជាលក្ខណៈក្រុម ក៏មិនដែរ! គឺចេញពីផ្ទះទៅក្រុមហ៊ុនអូរឬស្សី ឬចេញថតនៅ studio ស្ថានីយទូរទ្សសន៍នៅព្រែកឯង ( បញ្ជាក់ ៖ studio ពួកខ្ញុំថត គឺចែកដាច់ ពី studio live ផ្ទាល់ concert មួយនៅខាងមុខ មួយនៅខាងក្រោយ ) ចេញផុត ចូលផុត ដើរមួយហត់។

ហើយមុនចេញចូល ឬជួបប្រាស្រ័យទាក់ទងជួបជុំថត គឺមានការវាស់កំដៅ និងបាញ់អាកុល ហើយនឹងពាក់ម៉ាស់ផងដែរ ជាក់ស្ដែងមើលរូបថតខ្ញុំផុស កន្លងមកក៏មានដោយរូបខ្ញុំពាក់ម៉ាស់ដែរ ( រូបថតផុសម្សិលមិញជាមួយនិសា តែរូបនឹង ថតតាំងពីចុងខែ2 មកម៉្លេះ) ។

បើទោះយ៉ាងណា ប្រសិនបើខ្ញុំមានអាការៈមិនប្រក្រតី ឬមានចេញសញ្ញា ដែលជាករណីបឋមនៃអាការៈកូវីដ ខ្ញុំនឹងមិននៅស្ងៀមឡើយ។ ហើយខណៈនេះ ខ្ញុំបានផ្ដាច់ខ្លួន សម្ងំនៅផ្ទះក្នុងបន្ទប់ មិនចេញទៅណាឡើយ លុះត្រាបានដំណឹងលទ្ឋផលពី បុគ្គលដែលមានការសង្ស័យសិន។

ជាមួយគ្នានេះ ក៏សូមការអធ្យាស្រ័យពីមិត្តរាល់គ្នា បងប្អូនទាំងអស់ ដែលបានឆាត ខល ហើយខ្ញុំមិនបានឆ្លើយតបអស់ ឬមិនបានទទួលទូរស័ព្ទ មេត្តា ខន្តី និងយោគយល់ផង។ អរគុណនូវការបារម្ភរបស់បងប្អូន សូមជូនពរ និមល ក៏ដូចជា បងប្អូនសិល្បករដែលស្ថិតក្នុងការតាមដាន រកមេរោគកូវីដនេះ ឲ្យជៀសឆ្ងាយពីជំងឺចង្រៃមួយនេះ និងទទួលបានការព្យាបាលជាសៈស្បើយឆាប់ៗផងដែរ”។