មីយ៉ាន់ម៉ា ៖ ការធ្វើរដ្ឋប្រហារនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីទម្លាក់លោកស្រី អ៊ុងសាន ស៊ូជី ពីតំណែងដោយក្រុមយោធានោះ ស្រាប់តែមានចលនាបាតុកម្មពាសពេញផ្ទៃប្រទេសបានកើតមានឡើងជាបន្តបន្ទាប់ ខណៈដែលតារាល្បីៗប្រចាំប្រទេសជាច្រើននាក់ក៏បានចេញមុខមកចូលរួមធ្វើបាតុកម្មខាងលើនេះដែរ។


ទោះបីជាយ៉ាងនេះក្ដី កាលពីពេលថ្មីៗនេះក៏មានហេតុការណ៍មួយដែលជាការបាត់ខ្លួនរបស់តារា Super Star ប្រចាំប្រទេសមីយ៉ាន់ម៉ា​លោក ​Paing Takhon  ដែលមហាជនភាគច្រើនបានស្គាល់ថាលោកគឺជាតារាប្រុសម្នាក់ដែលមានរូបរាងស្រស់សង្ហា ប្រកបទៅដោយឆន្ទៈ និងមនសិការ បែរជាបានបាត់ខ្លួនភ្លាមៗក្នុងអំឡុងពេលដែលមានសន្ទុះបាតុកម្ម ខណៈដំណឹងបាត់ខ្លួនរបស់តារាប្រុសរូបនេះនៅមិនទាន់បានដឹងថាតើលោកនៅទីណា​ឬក៏មានបញ្ហាអ្វីមួយឲ្យពិតប្រាកដនៅឡើយទេ។


បន្ទាប់ពីមានការបាត់ខ្លួនរបស់តារារូបនេះផងដែរ ស្រាប់តែគេបានឃើញបងស្រីរបស់លោក បានបង្ហោះសារមួយដោយបានលើកឡើងថា ខ្លួនបានបាត់ទំនាក់ទំនងជាមួយនឹងប្អូនប្រុស និងទាក់ទងតាមទូរសព្ទជាច្រើនលើកតែរបែរជាគ្មានការឆ្លើយតប ខណៈដែលនាងស្នើរសុំឲ្យអ្នកគាំទ្ររបស់ប្អូននាងជួយចែករំលែកព័ត៌មាននៃការបាត់ខ្លួនរបស់ប្អូនប្រុសផង។ ភ្លាមៗនោះដែរ ក៏មានសន្ទុះនៃការចូលរួមយ៉ាងច្រើនកុះករពីសំណាក់អ្នកគាំទ្ររបស់លោក ដោយបានធ្វើការបង្ហោះ ដោយបានភ្ជាប់ជាមួយនឹង Hastage  #SaveMyanmar ព្រមទាំងព័ត៌មាននៃការបាត់ខ្លួនរបស់លោក  Paing Takhon ថែមទៀតផង។


យ៉ាងណាមិញបន្ទាប់ពីបាត់ខ្លួនរបស់តារាប្រុសខាងលើនេះ ក៏មានមតិជាច្រើនដែលមានទាំងក្នុងជាតិ និងអន្តរជាតិបាននាំគ្នាផ្តោតអារម្មណ៍ នោងចោទជាសំណួរជាបន្តបន្ទាប់ និងចង់ដឹងថាតើមានរឿងអ្វីដែលនៅពីក្រោយការបាត់ខ្លួនមួយនេះ៕