ភ្នំពេញ ៖ វេលាដែលមានអារម្មណ៍អស់កម្លាំង បាក់ទឹកចិត្ត ឬនៅពេលដែលចាប់ផ្តើមបាត់បង់ក្ដីសង្ឃឹម ព្រោះតែបញ្ហាអ្វីមួយ មនុស្សគ្រប់គ្នាតែងតែត្រូវការថាមពល កម្លាំងនិងក្ដីសង្ឃឹមទាំងនោះមកវិញ។

ជាធម្មតា មនុស្សទូទៅត្រូវការថាមពលទាំងនោះពីអ្នកដទៃ ពីប្រភពខាងក្រៅ ច្រើនជាងគេខ្លួនឯង ដោយសារពួកគេតែងតែចិញ្ចឹមចិត្តគិតថា បើខ្លួនកំពុងអស់កម្លាំង កំពុងបាក់ទឹកចិត្ត ឬកំពុងអស់សង្ឃឹម តើមានថាមពលឯណាផ្តល់ឱ្យខ្លួនឯងទៀត? ដោយសារហេតុផលនេះហើយ ទើបវាបានក្លាយជាលេសរួចបន្តជាទម្លាប់ រហូតដល់ទាញពួកគាត់ឱ្យធ្លាក់ក្នុងរណ្តៅនៃភាពអវិជ្ជមាននិងបរាជ័យ។

មនុស្សមានកម្លាំងដ៏អស្ចារ្យពីធម្មជាតិ ដែលអាចទទួលបានថាមពលទាំងនោះដោយខ្លួនឯង។ មានសំណួរសំខាន់ជាច្រើនដែលយើងអាចដឹងពីទំនាក់ទំនងរវាងខ្លួនឯងនិងថាមពលទាំងនោះ។ តើអ្នកណាដែលស្គាល់អ្នកច្បាស់ជាងគេ? តើអ្នកណាដែលទទួលខុសត្រូវចំពោះជីវិតរបស់អ្នក? តើអ្នកណាដែលនៅជាមួយអ្នកជាប្រចាំ? ដោយសារហេតុផលទាំងនោះ បើគេបង្វែរការគិតបន្តិចមកកាន់ខ្លួនឯងជាអទិភាព នោះពួកគេច្បាស់ជាអាចរកឃើញវិធីសាកថាមពលឱ្យខ្លួនឯងបានយ៉ាងដូចម្តេចជាមិនខាន៕