រាជធានីភ្នំពេញ ៖ មន្រ្តីជំនាញអន្តរក្រសួង បានបើកប្រតិបត្តការបង្រ្កាបទីតាំងកែភេទ ជ្រកក្រោមការកែសម្ផស្សចំនួន២កន្លែង ផ្សេងគ្នាដែលគ្នាច្បាប់អនុញ្ញាតត្រឹមត្រូវ និងប្រើប្រាស់ឱសថក្លែងក្លាយ និងគ្មានច្បាប់ជាដើមនោះ នៅក្នុងរាជធានីភ្នំពេញ។

ប្រតិបត្តិការបង្រ្កាបកន្លែងកែភេទនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ ដោយ១ទីតាំងមានឈ្មោះ GANGNAM BEAUTY & CLINIC នេះ ស្ថិតនៅសង្កាត់ទំនប់ទឹក ក្បែស្ថានទូតចិន ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ និងមួយទីតាំងទៀត មានឈ្មោះមជ្ឈមណ្ឌលថែរក្សាសម្ភស្ស ដុកទ័រ កាង ស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទូលគោក រាជធានីភ្នំពេញ។

លោកតាន់ សុខវិជ្ជា ប្រធានលេខាធិការដ្ឋាននៃគណកម្មការប្រយុទ្ឋប្រឆាំងផលិតផលក្លែងក្លាយក្រសួងមហាផ្ទៃ បានឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងបន្ទាប់ពីមន្រ្តីជំនាញធ្វើការស៊ើបអង្កេតដឹងថា ម្ចាស់ទីតាំងកែភេទនេះ បានលួចនាំឱសថខុសច្បាប់ជាច្រើនមកពីក្រៅប្រទេស ហើយបានលួចកែភេទបុរសទៅស្រ្តី ពីស្រ្តីទៅបុរស ដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ដោយបានឃាត់ខ្លួនម្ចាស់ទីតាំង ដែលជាជនជាតិវៀតណាម និងបុគ្គលជាខ្មែរ និងជនជាតិវៀតណាមមួយចំនួននាំមកសាកសួរ និងចាត់ការតាមផ្លូវច្បាប់។

ដោយឡែក លោក ទិត សួស្តី អនុប្រធានមន្ទីរពេទ្យ នៃក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះឆែកឆេរ រហូតដល់បិទនូវទីតាំងកែភេទនេះ គឺមន្រ្តីបានរកឃើញឱសថជាច្រើនម៉ាក ដែលខុសច្បាប់ និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល សម្ភារវះកាត់ រួមទាំងអាវយុវភេទបុរស ដែលបានកាត់ដើម្បីប្តូរភេទទៅជាស្រ្តីមួយចំនួនផងដែរ ៕