អំពើចាប់ជំរិតគំរាមទារប្រាក់ និងជួនកាលបទឧក្រិដ្ឋមួយនេះ ក៍អាចបណ្តាលឲ្យជនរងគ្រោះមួយចំនួនដែលជាអ្នកមានទ្រព្យសម្បត្តិបានបាត់បង់អាយុជីវិតផងដែរ ។ បើរំឮកត្រួសៗពីអំពើចាប់ជំរិតកាលពីជាង២០ឆ្នាំមុន គេនឹងនឹកដល់ឈ្មោះឧក្រិដ្ឋជនដ៍ល្បីឈ្មោះដែលធ្លាប់ធ្វើឲ្យអ្នកមានៗនៅរាជធានីភ្នំពេញភ័យខ្លាចនោះគឺ អារ៉ាស្មាច់ ។

អារ៉ាស្មាច់ ធ្លាប់បានចាប់ជំរិតអ្នកមានៗចំនួន៩ដង ស្មើនឹងទឹកប្រាក់ជាង១លានដុល្លារ មុនពេលត្រូវបានសមត្ថកិច្ចបាញ់ស្លាប់នៅស្ទឹងមានជ័យកាលពីឆ្នាំ២០០០ ។ មានព័ត៏មានចចាមអារ៉ាមជាច្រើនទាក់ទងទៅនឹងអារ៉ាស្មាច់ ដែលខ្លះថាអារ៉ាស្មាច់ជាចោរចិត្តជាគឺចាប់ជំរិតនិង ប្លន់អ្នកមានយកទៅចែកអ្នកក្រនិងយកលុយសាងសង់វត្ត សាលារៀននិងជាអ្នករៀនពូកែជាដើម ។

យ៉ាងណា” KBN News” គ្រាន់តែរំឮកខ្លីពីឧក្រិដ្ឋជនដ៍សាហាវនិងគួរឲ្យខ្លាចឈ្មោះអារ៉ាស្មាច់ និងបក្ខពួកគេដែលខ្លះកំពុងជាប់ក្នុងពន្ធនាគារ មកបង្ហាញ ដើម្បីជាស្នូរជួងដាស់អ្នកមានៗនៅកម្ពុជាដែលបច្ចុប្បន្នមានចំនួនច្រើនលើសលប់ ពិសេសអ្នកនៅភ្នំពេញបើធៀបទៅនឹងសម័យអារ៉ាស្មាច់និងបក្សពួកធ្វើសកម្មភាពកាលពូជាង២០មុន ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ។

ក្រុមអ្នកតាមដានសង្គមមួយចំនួន បានលើកឡើងថា ការចាប់ជំរិតទារលុយជាង១លានដុល្លារ និងឈានទៅបង្រ្កាបក្រុមឧក្រិដ្ឋជនឲ្យស្លាប់៤នាក់នៅនឹងកន្លែងកាលពីវេលាថ្ងៃត្រង់ថ្ងៃទី ០១ មីនា ២០២១ នៅក្នុងបុរីអង្គរភ្នំពេញ ស្ថិតក្នុងខណ្ឌសែនសុខ គឺអាចនឹងធ្វើឲ្យអ្នកមានទ្រព្យសម្បត្តិរងារភ័យខ្លាចផងដែរ ។

យ៉ាងណា ក្រុមអ្នកតាមដានខ្លះក៍នៅតែទឹកចិត្តសមត្ថកិច្ចរាជរដ្ឋាភិបាល ថាអាចបង្រ្កាបបានទាន់ពេលវេលា និងមិនធ្វើឲ្យអ្នកមានៗ ឬប្រជាពលរដ្ឋមានការភ័យខ្លាចពីសុវត្ថិភាពនិងសន្តិសុខនោះឡើយ ៕