ខេត្តបន្ទាយមានជ័យ៖ ក្រោយពេលកើតមានករណីអំពើឃាតកម្មចាប់នារីវ័យក្មេងម្នាក់អារកសម្លាប់នោះមក សមត្ថកិច្ចជំនាញខេត្តបន្ទាយមានជ័យ បានសហការគ្នាជាមួយនឹងនគរបាលក្រុងប៉ោយប៉ែត ស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង័្សយម្នាក់នាំទៅសាកសួរ។

មន្រ្ដីនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ​នារីរងគ្រោះ ឈ្មោះ ហួន ស្រី អាយុ២៣ឆ្នាំ មុខរបរជាបុគ្គលិកកាស៊ីណូ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេតបន្ទាយមានជ័យ។ នារីរងគ្រោះត្រូវបានឃាតកអារ.កសម្លាប់ ហើយត្រូវគេប្រទះឃើញ កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី​២ ខែមីនាឆ្នាំ២០២១ នៅក្នុងបន្ទប់ជួលលេខ៥ ស្ថិតក្នុង​ភូមិក្បាលស្ពាន១ សង្កាត់​​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

​សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា នារីរងគ្រោះ​បានជួលបន្ទប់ស្នាក់នៅជាមួយមិត្តភក្តិ។ ប៉ុន្ដែ​មុនពេលកើតហេតុមិត្តភក្តិរបស់នាងបានទៅធ្វើការបាត់ ដោយជនរងគ្រោះនៅម្នាក់ឯង។ លុះមកដល់វេលាកើតហេតុ ទើបមិត្តភក្ដិរបស់នារីរងគ្រោះវិលត្រឡប់មកពីធ្វើការវិញ​ ឃើញបន្ទប់ទ្វារមានជាប់សោពីខាងក្នុង ទើបបង្កភ្ញាក់ផ្អើលដល់សមត្ថកិច្ច​។ ករណីនេះ គេអាចសង្ស័យថា នារីរងគ្រោះអាចស្លាប់តាំងពីព្រឹកមកម្ល៉េះ ព្រោះល្ងាចហើយទើបដឹង ខណៈមានមនុស្សទៅគោះទ្វារបន្ទប់ ទើបបង្កឲ្យភ្ញាក់ផ្អើល​តែម្ដង។

សមត្ថកិច្ច បានបន្ដថា នៅលើសាកសពរបស់​នារីរងគ្រោះ ឃើញមានស្នាមចាក់ជាច្រើនកាំបិត រួមទាំងមានស្នាមអារ.ក ហើយយកភួយ មកគ្របពីលើសព។ ចំណែកដៃទាំង២របស់នាងរងគ្រោះ ត្រូវជនមិនស្គាល់មុខ យកអាវទ្រនាប់ចងភ្ជាប់បន្ថែមទៀត។ បន្ទាប់ពីមានករណីឃាតកម្មបែបនេះ ​សមត្ថកិច្ចជំនាញក្រុងប៉ោយប៉ែត​ស្រាវជ្រាវ រកឃើញថា អាចមានជនសង្ស័យម្នាក់ មានការជាប់ពាក់ព័ន្ធនឹងករណីនេះ (សុំមិនបញ្ចេញឈ្មោះ)។

សមត្ថកិច្ច បានបន្ដថា ក្រោយមានពន្លឺខ្លះហើយ សមត្ថកិច្ច​នគរបាលក្រុងប៉ោយប៉ែត បានសម្រេចឃាត់ខ្លួនជនសង័្សយពាក់ព័ន្ធនឹងករណីឃាតកម្មនេះ។ ប៉ុន្ដែទោះជាយ៉ាងណា បើតាមព័ត៌មានបឋម គេមិនទាន់ដឹងថា អំពើឃាតកម្មនេះ​ជាករណីប្លន់ ឬជារឿងស្នេហាត្រីកោណឡើយ ហើយមន្រ្ដីជំនាញកំពុងតែស្រាវជ្រាវបន្ថែម។

ក្រោយពេលពិនិត្យ និងធ្វើកោសល្យវិច័យរួច សាក​សពរបស់នារីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាតិ ដឹកយកទៅធ្វើបុណ្យ តាមប្រពៃណី៕