ខេត្តបាត់ដំបង ៖ ផ្ទះប្រជាពលរដ្ឋចំនួន៤០ខ្នង នៅ៣ឃុំ ក្នុងស្រុករុក្ខគិរី ត្រូវភ្លៀងលាយឡំខ្យល់កន្ត្រាក់ បោកបក់ បណ្ដាលឲ្យប៉ើងដំបូល និងហោះចេញពីជើងតាង តែមិនបង្កឲ្យមនុស្សមានគ្រោះថ្នាក់នោះទេ។ ករណីគ្រោះធម្មជាតិនេះ បានកើតឡើង កាលពីវេលាម៉ោង១៥និង២០នាទី ពរសៀលថ្ងៃទី០២ ខែមិនា ឆ្នាំ២០២១ ។

អាជ្ញាធរបានឲ្យដឹងថា ផ្ទះពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិនេះ នៅក្នុងឃុំស្តុកប្រវឹក រងការខូចខាតរបើកដំបូលផ្ទះចំនួន២២ខ្នង។ នៅឃុំព្រៃត្រឡាច រងការខូចខាតរបើកដំបូលផ្ទះចំនួន១៣ខ្នង និងនៅឃុំមុខរាហ៍ រងការខូចខាតរបើកដំបូលផ្ទះចំនួន០៥ខ្នង និងរោងម៉ាស៊ីនកិនស្រូវ០១ត្រូវបានហោះធ្លាក់ចេញពីជើងតាង។ តែយ៉ាងណាមិនបានបង្កឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ។

ក្រោយកើតហេតុ អាជ្ញាធរមូលដ្ឋានចុះជួយធ្វើការជួសជុល និងធ្វើរបាយការណ៍ជូនថ្នាក់ស្រុកនិងថ្នាក់ខេត្តដើម្បីពិនិត្យនិងជួយដោះស្រាយដល់ពលរដ្ឋរងគ្រោះ ដោយសារគ្រោះធម្មជាតិនេះ៕