ខេត្តសៀមរាប៖ វេជ្ជបណ្ឌិតម្នាក់​បម្រើការងារ ផ្នែកពិគ្រោះជំងឺក្រៅ និងសង្គ្រោះបន្ទាន់ បានទទួលមរណភាព ក្រោយការទទួលវ៉ាក់សាំង ប៉ុន្ដែមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានរកឃើញថា ករណីស្លាប់​របស់លោកវេជ្ជបណ្ឌិត មិនជាប់ពាក់ព័ន្ធនឹងករណី​ការចាក់វ៉ាក់សាំង​បង្ការកូវីដនោះទេ គឺលោកវេជ្ជបណ្ឌិត បានស្លាប់ដោយសារជំងឺបេះដូង។

មន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានចេញលិខិតបំភ្លឺ ជុំវិញករណីមរណភាពរបស់លោកវេជ្ជបណ្ឌិត ស៊ាង តុលា ​បម្រើការនៅផ្នែកពិគ្រោះជំងឺក្រៅ និងសង្គ្រោះបន្ទាន់ដំបូង នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដោយបញ្ជាក់ថា ​លោកវេជ្ជបណ្ឌិតមានបញ្ហាសរសៃឈាមបេះដូង ទើបបណ្ដាលឲ្យគាត់ស្លាប់។ ករណីនេះ​មិនជាប់ទាក់ទងនឹងការចាក់វ៉ាក់សាំងបង្ការ​កូវីដ-១៩នោះឡើយ។

មន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានឲ្យដឹងទៀតថា លោកវេជ្ជបណ្ឌិត ស៊ាង តុលា ​អាយុ៣៩ឆ្នាំ រស់នៅភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ លោកវេជ្ជបណ្ឌិត ជាមន្ត្រីដ៏សកម្មម្នាក់បម្រើការ នៅផ្នែកពិគ្រោះជំងឺក្រៅ និងសង្គ្រោះបន្ទាន់ដំបូង នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ លោកបានទទួលមរណភាព នៅក្នុងលំនៅឋានរបស់លោក នាវេលា​លម៉ោងប្រហែលជា ៤ទៀបភ្លឺ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១។

មន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានបញ្ជាក់ នៅក្នុងលិខិតបំភ្លឺនោះថា កាលពីថ្ងៃទី១ មីនា ឆ្នាំ ២០២១ លោកវេជ្ជបណ្ឌិត បានទៅបំពេញការងារជាធម្មតា។ លុះមកដល់វេលាម៉ោង៣រសៀល លោកបានស្ម័គ្រចិត្តទៅទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩​នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ បើតាមការពិនិត្យ និងវាយតម្លៃមុនចាក់របស់មន្ត្រីបម្រើការ នៅកន្លែងចាក់វ៉ាក់សាំង ឃើញថា លោកវេជ្ជបណ្ឌិតពុំមានបញ្ហា ​ត្រូវហាមឃាត់ការចាក់វ៉ាក់សាំងនោះទេ។ ប៉ុន្ដែបន្ទាប់ពីចាក់រួច លោកបានសម្រាកឱ្យមន្ត្រីជំនាញតាមដាន រយៈពេល៣០នាទី តាមគោលការណ៍ ហើយពុំមានផលរំខាន ទើបលោក​ត្រឡប់ទៅបន្តការងារជាធម្មតា។ រហូតដល់ម៉ោង៥ រសៀល លោកវេជ្ជបណ្ឌិតបានបើករថយន្តទៅដឹកប្រពន្ធរបស់លោក ដែលបម្រើការនៅក្នុងមន្ទីរពេទ្យកុមារអង្គរ រួចបន្តទៅដឹកកូន នៅឯសាលារៀន នាំដាក់នៅ​គេហដ្ឋាន ទើបលោកវេជ្ជបណ្ឌិត​ត្រឡប់មកធ្វើការ នៅក្នុងមន្ទីរពេទ្យបង្អែកវិញ។ លុះមកដល់វេលា​ម៉ោង៨ យប់ ទើបលោកវេជ្ជបណ្ឌិតត្រឡប់ទៅសម្រាក នៅឯផ្ទះវិញ។

បើតាមភរិយារបស់លោកវេជ្ជបណ្ឌិត និង​មិត្តភក្តិ បានបញ្ជាក់​ថា លោកវេជ្ជបណ្ឌិតមានបញ្ហាថប់ដង្ហើម នៅពេលគេង និងមានស្រមុកខ្លាំង (Sleep apnca) ជាពិសេសក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ។ ក្រៅពីនេះលោកវេជ្ជបណ្ឌិត​មានប្រវត្តិ ឈឺទ្រូង និងឧស្សាហ៍ពិនិត្យអគ្គិសនីបេះដូងជាញឹកញាប់​ ដោយសារលោកវេជ្ជបណ្ឌិត​មានបញ្ហាពាក់ព័ន្ធនឹងសរសៃឈាម បេះដូង។

ភរិយារបស់លោកវេជ្ជបណ្ឌិត ស៊ាង តុលា បានបន្ថែមថា កាលពី​យប់ ថ្ងៃទី​១ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីប្ដីរបស់គាត់ត្រឡប់មកពីមន្ទីរពេទ្យទៅវិញ ប្ដីរបស់គាត់បានបរិភោគអាហារ ជុំគ្រួសារជាធម្មតា។ ប៉ុន្ដែ​មុនពេលចូលសម្រាន្ដ ប្ដីរបស់គាត់បានត្អូញត្អែរថា ឈឺទ្រូង និង អស់កម្លាំង ដោយសារមិនសូវបានសម្រាក។ លុះមកដល់នៅវេលាម៉ោងជាង៣ទៀបភ្លឺ ឈានចូលថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២១ ប្ដីរបស់គាត់បានស្ថិតក្នុងសភាពសន្លប់ និងគាំងដង្ហើមម្តងៗ។ ឃើញស្ថាន​ភាពសុខភាពរបស់ប្ដីគាត់បែបនេះ គាត់បាន​សង្គ្រោះបេះដូង និងសម្រួលផ្លូវដង្ហើមជាបឋម ព្រមទាំងបានទាក់ទងទៅមិត្តភក្តិរបស់ប្ដីគាត់ម្នាក់ ជាវេជ្ជបណ្ឌិតមកជួយសង្គ្រោះ ប៉ុន្ដែការសង្គ្រោះនេះមិនបានជោគជ័យ។

ភរិយារបស់លោកវេជ្ជបណ្ឌិត ស៊ាង តុលា បានបន្ថែមថា ភ្លាមនោះ​មិត្តភក្តិប្ដីរបស់គាត់​បានផ្តល់ពត៌មានទៅថ្នាក់ដឹកនាំមន្ទីរពេទ្យ នាវេលាម៉ោង៤ និង១២នាទីទៀបភ្លឺ រួចហើយសម្រេចបញ្ជូនប្ដីរបស់គាត់ទៅកាន់មន្ទីរពេទ្យ តាមរថយន្តសង្គ្រោះ​ នាវេលាម៉ោង៤ និង៤៥នាទីទៀបភ្លឺថ្ងៃដដែល។ ប៉ុន្ដែនៅក្នុងអំឡុងពេលនៃការបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនោះ ​គាត់ និងមិត្តភក្តិប្ដីរបស់គាត់ ដែលសុទ្ធសឹងជាមន្ត្រីសុខាភិបាលបានជួយសង្គ្រោះបេះដូង និង ផ្លូវដង្ហើមជាប់ជាប្រចាំ តែប្ដីរបា់គាត់នៅតែមិនដឹងខ្លួន និងមិនមានដង្ហើម ហើយនាំគ្នាធ្វើចលនាបេះដូងជាដដែលៗ។

បើតាមការវាយតម្លៃ នៅពេលមកដល់មន្ទីរពេទ្យរបស់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងក្រុមគ្រូពេទ្យបានបញ្ជាក់ថា លោកវេជ្ជបណ្ឌិតបានស្លាប់​ មុនពេលមកដល់មន្ទីរពេទ្យ​។ ទោះជាយ៉ាងណាការជួយព្យាយាមសង្គ្រោះបេះដូង និងផ្លូវដង្ហើមនៅតែបន្ត ប៉ុន្តែនៅតែពុំអាចសង្គ្រោះលោកវេជ្ជបណ្ឌិតបានដដែល។

បើតាមការសន្និដ្ឋាន គឺលោកវេជ្ជបណ្ឌិត ស៊ាង តុលា បានទទួលមរណភាពយ៉ាងទាន់ហន់ដោយបញ្ហាសរសៃឈាមបេះដូង (Myocardial Infarction) ហើយករណីនេះមិន​ជាប់ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩នោះឡើយ៕

សូមអានខ្លឹមសារ នៃលិខិតបំភ្លឺរបស់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ទាំងស្រុងដូចខាងក្រោម៖