បរទេស៖ ក្រោយពេលមានរដ្ឋប្រហារយោធា និងការបង្ក្រាប ដោយអំពើហិង្សា បណ្ដាលឲ្យមនុស្សយ៉ាងតិច១៨នាក់ស្លាប់ និងជាង៣០នាក់រងរបួស  ហើយមានការថ្កោលទោសយ៉ាងខ្លាំងក្លាពីអង្គការសហប្រជាជាតិ និងសហគមន៍អន្ដរជាតិ ជាពិសេសសហរដ្ឋអាមេរិកនោះមក ធ្វើឲ្យដឹកនាំ នៃប្រទេសបណ្ដាប្រទេសអាស៊ាន នៅមិនសុខឡើយ ហើយបានបើកិច្ចប្រជុំពិសេសមួ ដើម្បីបញ្ចប់ភាពវឹកវរ នៅក្នុងប្រទេសមួយនេះ។

បើតាមសារព័ត៌មាន CNA កាលពីរសៀល ថ្ងៃអង្គារ ទី​២ ខែមីនា ឆ្នាំ២០២១ បានផ្សាយថា បណ្ដារដ្ឋមន្ត្រីការបរទេស នៃប្រទេសជាសមាជិកអាស៊ាន បានត្រៀមរៀបចំកិច្ចប្រជុំពិសេសមួយ នៅថ្ងៃអង្គារ ទី២ ខែមីនា ឆ្នាំ២០២១ ជាមួយនឹងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដើម្បីស្វែងរកដំណោះស្រាយ ឈាន​ការបញ្ចប់នូវវិបត្តិនយោបាយ និងអំពើហិង្សា ដែលកំពុងផ្ទុះឡើង នៅក្នុងប្រទេសមីយ៉ាន់ម៉ា (ភូមា)។ រីឯ​កិច្ចប្រជុំពិសេសនេះ នឹង​ធ្វើឡើង តាមរយៈវីដេអូខុនហ្វ្រិន ។

កិច្ចប្រជុំនេះ បានកើតឡើង រយៈពេល២ថ្ងៃ ​ក្រោយពេល​ការិយាល័យសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ (UN) បានរាយការណ៍ថា ក្រោយពេលមានអំពើរដ្ឋប្រហារយោធា រឹបអូសអំណាចពីរដ្ឋាភិបាលស៊ីវិល និងចាប់ឃុំខ្លួនលោកស្រី អ៊ុង សានស៊ូជី និងមន្រ្ដីជាន់ខ្ពស់រដ្ឋាភិបាល ជាច្រើននោះមក ក្រុមប៉ូលិសក្រោមបញ្ជាពីមេដឹកនាំរដ្ឋប្រហារ បានបង្ក្រាបទៅលើហ្វូងបាតុករ បណ្ដាលឲ្យមនុស្សយ៉ាងតិច​១៨នាក់​ស្លាប់។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ថ្វីបើមានការបង្ក្រាបបាញ់គ្រាប់យ៉ាងណាក្ដី ក្រុមបាតុករនៅតែបន្ដចេញមកតាមដងផ្លូវ នៅពាសពេញទីក្រុងនានា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ទាមទារឲ្យដោះលែងលោកស្រី អ៊ុង សានស៊ូជី និងអ្នកនយោបាយទាំងអស់ ដែលត្រូវបានចាប់ឃុំឃាំង។​

ជាមួយគ្នានេះដែរ ឯកអគ្គរដ្ឋទូតភូមា ប្រចាំនៅអង្គការសហប្រជាជាតិ បានថ្លែងទៅកាន់សម័យប្រជុំរបស់អង្គការសហប្រជាជាតិ ទាមទារឲ្យសហគមន៍អន្ដរជាតិ ត្រូវនាំគ្នាជួយដល់ប្រជាពលរដ្ឋភូមា។ ការថ្លែងបែបនេះធ្វើឲ្យបណ្ដាប្រទេសជិត២០០ នៅក្នុងសម័យប្រជុំនោះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ស្របគ្នានេះ សហរដ្ឋអាមេរិក បានចេញមុខគាំទ្រមុនគេ ហើយបានអំពាវនាដល់សហគមន៍អន្ដរជាតិ បន្ដបង្កើនសម្ពាធកាន់តែខ្លាំងក្លាទៅលើមេដឹកនាំរដ្ឋប្រហារមីយ៉ាន់ម៉ាបន្ថែមទៀត រហូតពួកគេ​ប្រគល់អំណាចទៅរដ្ឋាភិបាលស៊ីវិលវិញ។

ដោយឡែករដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដែលកំពុងគ្រប់គ្រង ដោយលោកអគ្គមេបញ្ជាការយោធា មីន អោង ហ្លេង នៅតែអះអាងដដែលៗថា ខ្លួនប្តេជ្ញានឹងរៀបចំការបោះឆ្នោតឡើងវិញ ហើយប្រគល់អំណាចទៅឲ្យ​គណបក្សណា ដែលបានឈ្នះឆ្នោតយ៉ាងពិតប្រាកដ។ ប៉ុន្តែសម្រាប់កាលបរិច្ឆេទពិតប្រាកដ នៃការរៀបចំតាមការសន្យានោះ លោក​​មិនទាន់​បញ្ជាក់នៅឡើយ ខណៈការដាក់ប្រទេសក្នុងគ្រាអាសន្ន ត្រូវបានសម្រេចអនុវត្ត រយៈពេល​១ឆ្នាំ គិតចាប់​ពីថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ២០២១៕