បរទេស៖ សហរដ្ឋអាមេរិក មិនត្រឹមតែជាប្រទេសមហាអំណាចកំពូលខាងយោធា និងសេដ្ឋកិច្ច នៅលើពិភពលោកប៉ុណ្ណោះទេ ប៉ុន្ដែរហូតមកដល់ពេលនេះ អាមេរិកបានអភិវឌ្ឍវ៉ាក់សាំងជាច្រើនប្រភេទ ​មានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ជាងគេថែមទៀតផង ហើយនៅពេលខាងមុខនេះ អាមេរិកនឹងដាក់ឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការកូវីដ​របស់ក្រុមហ៊ុន ​Novavax បន្ថែមពីលើវ៉ាក់សាំងជាច្រើនក្រុមហ៊ុនរបស់អាមេរិក ដែលបានអនុម័តឲ្យប្រើប្រាស់បន្ទាន់ជាបន្ដបន្ទាប់ នាពេលកន្លងមក។

បើតាមសារព័ត៌មាន CNA របស់ប្រទេសសិង្ហបុរី បានចេញផ្សាយ កាលពី​ព្រឹក ថ្ងៃអង្គារ ទី​២ ខែមីនា ឆ្នាំ២០២១ ថា សហរដ្ឋអាមេរិក ​អាចនឹង​អនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការកូវីដ​របស់ក្រុមហ៊ុន ​Novavax នៅប្រទេសមហាអំណាចមួយនេះ នាពេលខាងមុខ។ ករណីនេះ ប្រសិនបើនិយ័តករអាមេរិកអនុម័តលើទិន្នន័យ លើការធ្វើតេស្ដ នៅចក្រភពអង់គ្លេស ដែលនឹងត្រូវ​បញ្ចប់ នៅប៉ុន្មានសប្ដាហ៍ខាងមុខ។​

​ដោយឡែកលោក Stanley Erck នាយកប្រតិបត្តិក្រុមហ៊ុន Novavax បានឱ្យដឹងថា កិច្ចចរចាជាមួយរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក កំពុងដំណើរនៅឡើយ។ រីឯទីភ្នាក់ងារ FDAមួយនេះអាចនឹងតម្រូវឱ្យក្រុមហ៊ុន Novavax បង្ហាញនូវទិន្នន័យ ធ្វើតេស្ដរបស់ខ្លួន នៅក្នុងសហរដ្ឋអាមេរិក។ ករណីនេះ​អាចនឹងត្រូវការពេលវេលាបន្ថែម​២ខែទៀត ដើម្បីបញ្ចប់ការធ្វើតេស្ដ ឬថា អាចនឹងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ នៅពាក់កណ្ដាលរដូវក្ដៅខាងមុខ។

បើតាមមន្រ្ដីជំនាញរបស់អាមេរិក បានឲ្យដឹងថា ​វ៉ាក់សាំងរបស់ក្រុមហ៊ុន Novavax មានប្រសិទ្ធភាព ៩៦ភាគរយ នៅក្នុងការធ្វើតេស្ដ នៅចក្រភពអង់គ្លេស ​សម្រាប់ប្រឆាំងនឹងវីរុសកូវីដ​​-១៩ ទម្រង់ធម្មតា និង ៨៦ភាគរយប្រឆាំងវីរុសបំប្លែងខ្លួនថ្មី។ វ៉ាក់សាំងរបស់ក្រុមហ៊ុន Novavax ​ជាប្រភេទវ៉ាក់សាំង ដែលតម្រូវឱ្យចាក់ពីរដូស ដូចគ្នានឹងវ៉ាក់សាំងអភិវឌ្ឍឡើងដោយក្រុមហ៊ុន Pfizer-BioNTech និងក្រុមហ៊ុន Moderna ផងដែរ។

ប្រភពព័ត៌មានដដែល បានបន្ដថា​ វ៉ាក់សាំង Novavax មានភាពងាយស្រួល ក្នុងស្ដុកទុក និងដឹកជញ្ជូន ជាងវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech និងក្រុមហ៊ុន Moderna ។ ប៉ុន្ដែ​ប្រសិនបើវ៉ាក់សាំងនេះ ត្រូវបានអនុម័ត នឹងក្លាយជាវ៉ាក់សាំងទី៤ ដែល FDA ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ នៅសហរដ្ឋអាមេរិក។ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក បានអនុម័តឲ្យប្រើប្រាស់​ចំនួន៤ រួមមាន វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech, ក្រុមហ៊ុន Moderna, ​ក្រុមហ៊ុន Johnson & Johnson និង Novavax ៕