ក្រោមហេតុផលការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩ ពិសេសការចូលរួមសន្សំសំចៃថវិកាជាតិនៅគ្រាដ៍លំបាកដោយសារជំងឺកូវីដ១៩ ក្រសួងស្ថាប័នរដ្ឋមួយចំនួន បានប្រកាសលុបចោល ឬ ផ្អាកការជ្រើសរើសមន្រ្តីបម្រើក្នុងក្របខ័ណ្ឌរដ្ឋ ។

ជាក់ស្តែងនៅថ្ងៃទី០២ កុម្ភៈ ២០២១នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសលុបចោលការជ្រើសរើសមន្រ្តីរាជការចំនួន ១៣៣កន្លែង ក្រោមហេតុផលខាងលើ ។ មិនមែនមានតែក្រសួងសាធារណការ និងដឹកជញ្ជូនមួយទេ ដែលលុបចោលការជ្រើសរើសមន្រ្តីក្នុងឆ្នាំ២០២១ តាមការឯកភាពពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គឺក្រសួងស្ថាប័នរដ្ឋមួយចំនួនទៀត ក៍លុបចោល ឬ ផ្អាកការជ្រើសរើសមន្រ្តីដូចគ្នានេះផងដែរ ។

សូមបញ្ជាក់ថា ចាប់តាំងពីមេរោគកូរ៉ូណា ក្រោយមកត្រូវបានគេដាក់ឈ្មោះផ្លូវការ”កូវីដ១៩”មក ស្ថានភាពសេដ្ឋកិច្ចពិភពលោកនិយាយជារួម និងដោយឡែកនៅកម្ពុជា ប្រាក់ចំណូលជាតិដែលទ្រទ្រង់សេដ្ឋកិច្ចជាតិទាំងមូលបានធ្លាក់ចុះយ៉ាងគំហុក ដែលតាមការព្យាកររបស់ស្ថាប័នជាតិនិងអន្តរជាតិនានាគឺអត្រាសេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ដល់ក្រោមសូន្យថែមទៀត ។

មិនថា តែសេដ្ឋកិច្ចជាតិនោះទេ សូម្បីតែប្រាក់ចំណូលរបស់ប្រជាពលរដ្ឋក៍ធ្លាក់ ខ្លះបាត់បង់ការងារ ហើយប្រសិនបើមេរោគមហាចង្រៃនេះ នៅតែបន្តអូសបន្លាយពេលយូរទៀត នឹងអាចមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ហើយពលរដ្ឋមួយចំនួនណានោះ នឹងអាចដាច់បាយ ៕