ទំពែក គឺសំដៅលើក្បាលដែលឥតមានសក់ ហើយដែលគេកត់សម្គាល់ឃើញថា ច្រើននៅត្រង់បរិវេណ ថ្ងាស់ផ្នែកខាងលើនៃលលាដក្បាល(បង្ហើយ) ឬម្តុំក្រយៅក្បាល។

ជាធម្មតាមនុស្សគ្រប់រូប សុទ្ធតែជួបប្រទះបញ្ហាសក់ជ្រុះដូចគ្នា គ្រាន់តែតិច ឬច្រើន ហើយក្នុងមួយថ្ងៃ គឺជ្រុះសក់ប្រមាណប្រមាណពី៤០ ទៅ៥០សរសៃ។ ក៏ប៉ុន្តែក្នុងករណី មានការជ្រុះសក់ខ្លាំង គឺជារោគសញ្ញាដែលបញ្ជាក់ថា លោកអ្នកកំពុងតែជួបប្រទះបញ្ហាទំពែកក្បាល។ កត្តាដែលបណ្ដាលឱ្យយើងជ្រុះសក់ គឺមានដូចជា៖
– កត្តាតំណពូជ
– កត្តាអ័រមូន
– កត្តាស្រ្តេស
– ប្រើប្រាស់ផលិតផលមិនត្រូវស្បែកក្បាល
– កង្វះជាតិដែក និងជីវជាតិបំប៉នដទៃទៀត ដែលមាននៅក្នុងអាហារ

សូមបញ្ជាក់ថា ទោះជាយ៉ាងណាការជ្រុះសក់ ដោយហេតុផលសក់ខូច ស្ងួតខ្លាំង ទន់ បាក់ ឬដាច់នៅពេលដែលសិតសក់ មិនប្រាកដថាសុទ្ធតែជាសញ្ញានៃការចាប់ផ្តើមកើតរោគទំពែក ទៅថ្ងៃអនាគតឡើយ។ បន្ថែមពីលើនេះ បញ្ហាសក់ទំពែក មិនមែនជាបញ្ហាដែលគួរឱ្យបារម្ភខ្លាំងឡើយ ប្រសិនបើលោកអ្នកសង្កេតឃើញក្បាលរបស់ខ្លួនឯង ប្រែទៅជាឆកជ្រៅៗ ឬមិនសូវមានសក់ ហើយឆាប់ទៅពិគ្រោះជាមួយគ្រូពេទ្យ និងស្វែងរកដំណោះស្រាយតាមវិធីបែបវិទ្យាសាស្រ្ត ឬធម្មជាតិដែលអាចជឿទុកចិត្តបាន។ ជាមួយគ្នានេះដែរ ទម្លាប់រស់នៅប្រចាំថ្ងៃមួយចំនួន ដែលទាក់ទងនឹងការថែទាំសក់ និងស្បែកក្បាល លោកអ្នកគួរតែព្យយាមស្វែងយល់បន្ថែម និងទទួលទានអាហារដែលមានជីវជាតិគ្រប់គ្រាន់ដើម្បីចិញ្ចឹមស្បែកក្បាល និងសរសៃសក់៕