មានផលិតផលថែរក្សា និងដោះស្រាយបញ្ហាស្បែកជាច្រើនប្រភេទដាក់លក់នៅលើទីផ្សារ ដែល បានផ្តល់ជម្រើសជាច្រើនដល់អ្នកប្រើប្រាស់ ជាពិសេសនារីៗតែម្តងពុំសូវចាប់អារម្មណ៍នឹងឱសថធម្មជាតិ ដែលគ្មានជាតិគីមី។ ពេលខ្លះ បញ្ហាស្បែកបែបស្រាលៗក្រៅពីផលិតផលមួយចំនួនដែលផ្ទុកសារធាតុគីមីនោះអ្នកក៏អាចប្រើវិធីធម្មជាតិបានដែរ ។

នៅក្នុងនោះប្រទាលកន្ទុយក្រពើ ជារុក្ខជាតិមួយប្រភេទដែលផ្ទុកសារធាតុប្រឆាំងនឹងមេរោគព្រមទាំងប្រឆាំងនឹងការរលាកដ៏សម្បូរបែបដែលជារឿយៗ ត្រូវបានគេប្រើដើម្បីជួយជួសជុលបញ្ហាស្បែកដែល រលាកដោយពន្លឺព្រះអាទិត្យហើយវាក៏អាចជួយកាត់បន្ថយការឈឺចាប់ និងព្យាបាលរបួសពីស្បែកផង។ លើសពីនេះទៅទៀត ប្រទាលកន្ទុយក្រពើមានភាពត្រជាក់ពីធម្មជាតិដែលអាចផ្តល់សំណើមដល់ស្បែកឲ្យមានសុខភាពល្អ ។

ដើម្បីដោះស្រាយបញ្ហាស្បែករលាកដោយឥទ្ធិពលកម្តៅព្រះអាទិត្យ ដោយប្រើប្រាស់ប្រទាលកន្ទុយក្រពើអ្នកគ្រាន់តែចៀរយកភាពអន្ធិលរបស់ប្រទាលកន្ទុយក្រពើស្រស់ចំនួនមួយពែងកិនឲ្យក្លាយជាល្បាយ ហើយយកសំឡីកប្បាសជ្រលក់ចូលទៅក្នុងល្បាយនេះ ជូតត្រង់តំបន់ដែលមានបញ្ហា។ បន្ទាប់មក រក្សាទុករហូតដល់ស្ងួតដោយខ្លួនឯងដោយមិនបាច់លាងសម្អាតចេញក៏បាន។ ក្នុងមួយថ្ងៃអ្នកអាចអនុវត្ត ឲ្យបាន៣ ដង ដើម្បីឲ្យបញ្ហារលាកស្បែកឆាប់ជាសះស្បើយ៕