បរទេស៖ មន្រ្ដីជាន់ខ្ពស់ជប៉ុនម្នាក់ ​បានរងការរិះគន់ អំពីការទទួលទានអាហារពេលល្ងាចថ្លៃ រហូតធ្វើឲ្យលោកស្រី មិនស្ងប់អារម្មណ៍ ទើបសម្រេចចិត្តដាក់ពាក្យលាលែងពីតំណែង​។

បើតាមបណ្ដាញសារព័ត៌មាន NHK របស់ជប៉ុន បានផ្សាយថា ​លោកស្រី Yamada Makiko ជាមន្រ្ដីជាន់ខ្ពស់ផ្នែកទំនាក់ទំនងសាធារណៈ នៅក្នុងគណៈរដ្ឋមន្រ្ដីរបស់ជប៉ុន បានសម្រេចចិត្តលាលែងចេញពីតំណែងរបស់លោកស្រី។ ការលាលែងពីតំណែងនេះបានកើតឡើង ក្រោយពេលលោកស្រីបានទទួលទានអាហារពេលល្ងាច អស់តម្លៃ​៧០០ដុល្លារ ហើយត្រូវទទួលរង​ការរិះគន់យ៉ាងខ្លាំង។

លោកស្រី Yamada Makiko បានដាក់ពាក្យលាលែងពីតំណែងជារដ្ឋលេខាធិការទំនាក់ទំនងសាធារណៈរបស់គណៈរដ្ឋមន្រ្ដីជប៉ុន។ ​ការលាលែងពីតំណែងរបស់លោកស្រី ត្រូវបានគណៈរដ្ឋមន្រ្ដីជប៉ុនបាន​យល់ព្រម នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១។ លោកស្រីបានរងការរិះគន់ ចំពោះការទទួលទានស្រា និងអាហារពេលល្ងាច ជាមួយកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្ដីជប៉ុន ដែលរៀបចំដោយមន្រ្ដីរបស់ក្រុមហ៊ុនមួយ ដោយចំណាយលុយទៅលើអាហារ អស់​ក្នុងម្នាក់៧០០ដុល្លារអាមរិក។

ជាមួយគ្នានេះដែរ លោកស្រី ​បានសុំទោសដល់ប្រជាពលរដ្ឋ ក្រោយពេលមានការរិះគន់ មុននឹងលោកស្រីដាក់ពាក្យសុំលាលែងពីតំណែង៕