ប៉ុន្មានថ្ងៃនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ក៍ដូចជានៅលើបណ្តាញសង្គម គេកត់សម្គាល់ឃើញមានការរអ៊ូរទាំ ស្រែកឲ្យរាជរដ្ឋាភិបាលពិសេសក្រសួងកសិកម្មជួយអន្តរាគមន៍ពីការធ្លាក់ចុះតម្លៃផ្លែស្វាយ ក៍ដូចជាស្វាយគ្មានទីផ្សារជាដើម ។ ក្រៅពីស្វាយ អ្នកចិញ្ចឹមត្រីអណ្តែងមួយចំនួន ក៍ស្រែកឲ្យក្រសួងកសិកម្មជួយដែរ ។

គេនៅចាំបានថា កន្លងមកក្រសួងកសិកម្មបានប្រកាសកុំឲ្យកសិករ ឬអ្នកដាំស្វាយព្រួយបារម្ភអំពីទីផ្សារស្វាយ ព្រោះប្រទេសចិនបានបញ្ជាទិញនិងមានក្រុមហ៊ុនប្រមូលទិញស្វាយដើម្បីនាំចេញទៅលក់នៅក្នុងប្រទេសចិន ធ្វើឲ្យកសិករនិងអ្នកធ្វើជំនួញស្វាយមួយចំនួនញញឹមសើមមាត់សើម ក សប្បាយរីករាយ ប៉ុន្តែស្រាប់តែភាពញញឹមប្រៀបដូចភ្លើងចំបើងនេះ បានប្រែទៅជាស្វិតស្រពោនដូចបុប្ផាមានតែដើមគ្មានអ្នកជួយស្រោចទឹកមើលថែ ព្រោះតែស្វាយធ្លាក់ថ្លៃយ៉ាងគំហុកមកនៅត្រឹម១គីឡូក្រាម២០០រៀល និងគ្មានទីផ្សារថែមទៀត និងសូម្បីតែសេដ្ឋីកសិកម្មលោកឧកញ៉ាបណ្ឌិត ម៉ុង ប្ញទ្ធី ក៍យកស្វាយឲ្យសត្វស៊ីដែរ ។

ដោយឡែក អ្នកចិញ្ចឹមត្រីអណ្តែតងនិងអ្នកប្រកបរបរទិញលក់ត្រីមួយចំនួនវិញ ក៍ត្អូញត្អែរពីការពិបាកលក់ត្រីរបស់ខ្លួន ដោយសារការបើកឲ្យមានការនាំចូលត្រីឡើងវិញ ពិសេសការចូលត្រីពីប្រទេសវៀតណាម ដែលក្នុងមួយថ្ងៃៗមានទំហំរាប់សិបតោន ។

មិនខុសគ្នាពីកសិករឬ អ្នកដាំស្វាយប៉ុន្មាននោះទេ សម្រាប់អ្នកចិញ្ចឹមត្រី ឬអ្នករកស៊ីទិញលក់ត្រី បានសប្បាយរីករាយនិងគាំទ្រការសម្រេចរបស់ក្រសួងកសិកម្មក្នុងការបិទបណ្តោះអាសន្នការនាំចូលត្រីអណ្តែង ត្រីប្រា ត្រីពោរ និងត្រីរ៉ស់កាលពីថ្ងទី០៨ មករា ២០២១ ប៉ុន្តែសើចសប្បាយបានតែមួយខែ ក៍ស្រាប់តែអស់សង្ឃឹម ដោយសារក្រសួងកសិកម្មកាលពីថ្ងៃទី០៨ កុម្ភៈ ២០២១ បានអនុញ្ញាតឲ្យមានការនាំត្រីទាំង៤ប្រភេទខាងលើចូលទីផ្សារកម្ពុជាឡើងវិញ ដោយសំអាងថាដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក គឺប៉ុន្មានថ្ងៃក្រោយពីរដ្ឋមន្រ្តីក្រសួងកសិកម្ម ឧស្សាហកម្មវៀតណាមបានសរសេរលិខិតតវ៉ាមកក្រសួងពាណិជ្ជកម្មកម្ពុជា ។

បើទោះបីជា ក្រសួងកសិកម្មបានពន្យល់បកស្រាយពីស្វាយចុះថ្លៃ និងគ្មានទីផ្សារ ដោយសារជារដូវប្រមូលផលស្វាយ ដែលធ្វើឲ្យស្វាយជន់ច្រើន និងបញ្ហាកូវីដ១៩ និងតម្រូវការទីផ្សារត្រីក្នុងស្រុកយ៉ាងណាក្តី ក៍ក្រុមអ្នកតាមដានសេដ្ឋកិច្ច និងសង្គមមួយចំនួន បានសំណូមពរដល់រាជរដ្ឋាភិបាល ពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងក្រសួងជំនាញពាក់ព័ន្ធ ដាក់ចេញជាវិធានការគោលនយោបាយទីផ្សារ ផលិតកម្ម និងរក្សាជំហរឲ្យប្រាកដប្រជា ទើបមិនវេទនាដល់កសិករ និងអ្នកធ្វើកសិកម្ម ៕