ប្រទេសថៃ៖ ​នាថ្ងៃច័ន្ទ ទី០១​ ខែមីនា ឆ្នាំ២០២១នេះ ផ្សារលក់គ្រឿងសមុទ្រដ៏ធំមួយ ស្ថិតនៅក្នុងខេត្តសាមុតសាខន ពេលនេះត្រូវបានបើកដំណើរការវិញហើយ បន្ទាប់ពីត្រូវបានបិទចាប់តាំងពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ នៅពេលរលកនៃ Covid-១៩ បានចាប់ផ្តើមរាលដាលពីទីនោះ។​ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BangkokPost

ក្រោយពីអាជ្ញាធរបានប្រកាសបើកផ្សារនេះឡើងវិញយើងសង្កេតផ្សារមានសភាពអ៊ូអរ មុនពេលថ្ងៃរះដោយមានអ្នកទិញអ្នកទិញ និងកម្មករចំណាកស្រុក បានចាប់ផ្ដើមប្រកបរបរទៅតាមមុខតួនាទីរៀងៗខ្លួន តែទោះជាយ៉ាងណាពួកគេទាំងអស់ត្រូវតែអនុវត្តយ៉ាងតឹងរឹងនូវវិធានការដែលបានដាក់ដើម្បីការពារការរីករាលដាលនៃមេរោគកូវីដ-១៩។

ជាមួយគ្នានេះដែរ ឡានដឹកទំនិញដឹកជញ្ជូនគ្រឿងសមុទ្រទៅកាន់ទីផ្សារ យានយន្តរបស់អ្នកលក់ និងអ្នកទិញត្រូវឆ្លងកាត់ចំណុចត្រួតពិនិត្យ ចំពោះសីតុណ្ហភាពកំដៅត្រូវបានត្រួតពិនិត្យហើយពួកគេត្រូវតែបង្ហាញភស្តុតាងដែលពួកគេបានធ្វើតេស្ដរកវីរុស Covid-19 ។

អាជីវករ និងម្ចាស់តូបត្​ រីនិងបង្គាទាំងអស់បានសម្តែងនូវក្តីរីករាយ ដែលទីបំផុតផ្សារបានបើកដំណើរការឡើងវិញបន្ទាប់ពីត្រូវបានបិទអស់រយៈពេលជាង១០សប្តាហ៍។ ពួកគេបានផ្តល់ការធានាថា ពួកគេនឹងអនុវត្តយ៉ាងតឹងរឹងនូវរាល់វិធានការណ៍ប្រឆាំងនឹង Covid-19 ហើយសង្ឃឹមថាសេដ្ឋកិច្ចរបស់សាមុតសាខន នឹងងើបឡើងវិញឆាប់ៗនេះ ៕