បរទេស៖ ក្រោយពេល​បំផ្ទុះអាវុធ បាញ់គ្រាប់ពិត​ទៅលើហ្វូងបាតុករ នៅទីក្រុង Yangon កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ បណ្ដាលឲ្យមនុស្សជិត២០នាក់បាត់បង់ជីវិតនោះមក សកម្មភាពបង្រ្កាបបាតុកម្មប្រកបដោយអំពើហិង្សានេះរឹតតែរុញច្រានស្ថានការណ៍នេះឲ្យកាន់តែវឹកវរបន្ថែមទៀត។

អង្គការសហប្រជាជាតិ បានប្រកាសឲ្យដឹងថា ចាប់តាំងពីការធ្វើរដ្ឋប្រហារយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា (ភូមា) កាលពីថ្ងៃទី១ ខែកុម្ភៈ រហូតដល់ថ្ងៃទី១ ខែមីនាឆ្នាំ២០២១ កងកម្លាំងប្រដាប់អាវុធភូមា បានបង្ក្រាបទៅលើក្រុមបាតុករ ដោយអំពើហិង្សា បានបណ្ដាលឲ្យមនុស្សយ៉ាងតិចចំនួន១៨នាក់ បានបាត់បង់ជីវិត។ ជាមួយគ្នានេះដែរ អង្គការសហប្រជាជាតិ​បានអំពាវនាវដល់សហគមន៍អន្តរជាតិ ត្រូវបង្កើនសកម្មភាពរបស់ខ្លួន ដើម្បីបញ្ចប់វិបត្តិនយោបាយនៅក្នុងប្រទេសនេះ។

បើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានផ្សាយថា ប៉ូលិសមីយ៉ាន់ម៉ា បានបាញ់គ្រាប់ពិតទៅលើក្រុមបាតុករ នៅក្នុងទីក្រុងជាច្រើន ហើយក្នុងនោះមាន​ទីក្រុងរាំងហ្គូន (Yangon) កាលពីថ្ងៃទី២៨ ខែកុម្ភៈ ​ឆ្នាំ២០២១។

​ការិយាល័យរបស់អង្គការសហប្រជាជាតិ បានប្រកា​ងថា មានមនុស្សយ៉ាងហោចណាស់ ចំនួន១៨នាក់បានស្លាប់ និងជាង៣០នាក់រងរបួស ដោយសារការបង្ក្រាបពីកម្លាំងប៉ូលិសមីយ៉ាន់ម៉ា ។ ស្ថិតក្នុងស្ថានភាពបែបនេះ អង្គការសហប្រជាជាតិបានអំពាវនាវដល់សហគមន៍អន្តរជាតិ ត្រូវតែបង្កើន​សកម្មភាពរបស់ខ្លួន ដើម្បីជួយបញ្ចប់វិបត្តិនយោបាយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

បើតាមសារព័ត៌មាន VOA ជាភាសាអង់គ្លេស បានចេញផ្សាយ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ថា លោក Kyaw Moe Tun ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា (ភូមា) ប្រចាំនៅអង្គការសហប្រជាជាតិ បានបង្ហាញនូវភាព​ក្លាហានរបស់ខ្លួន ថ្លែងទៅកាន់សម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ ប្រឆាំងដាច់ខាតចំពោះការធ្វើរដ្ឋប្រហារ ដោយក្រុមមេដឹកនាំយោធា នៅក្នុងប្រទេសរបស់ខ្លួន។​ ការថ្លែងបែបនេះ នាំឲ្យបណ្ដាប្រទេស នៅលើសកលលោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេសប្រទេសមហាអំណាចកំពូលៗ នៅលើពិភពលោក។

ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតភូមា បាន​​ស្នើសុំដល់អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ត្រូវប្រើប្រាស់គ្រប់មធ្យោបាយចាំបាច់ សម្រាប់ជួយការពារដល់ពលរដ្ឋភូមា ដើម្បីបញ្ឈប់នូវការក្តោបអំណាច ពីក្រុម​យោធា។ ក្រោយពេលឯកអគ្គរដ្ឋទូតភូមា បានថ្លែងប្រឆាំងនឹងមេដឹករដ្ឋប្រហារយោធា នៅក្នុងប្រទេសរបស់ខ្លួន ទៅកាន់អង្គការសហប្រជាជាតិភ្លាម សហរដ្ឋអាមរិក បានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹង ហើយប្ដេជ្ញានឹងដាក់ឲ្យក្រុមមេដឹកនាំយោធា ត្រូវតែទទួលខុសត្រូវ ចំពោះការធ្វើរដ្ឋប្រហារយោធានេះ។

ដោយឡែកសារព័ត៌មាន Global New Light មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងក្រុមមេដឹកនាំរដ្ឋប្រហារយោធា បានផ្សាយថា ក្រុមបាតុករ បានពាក់មួកការពារ និងរបាំងការពារទប់ស្កាត់ការវាយប្រហារពីកម្លាំងសន្តិសុខ។ រីឯសកម្មភាពតឹងតែង នឹងត្រូវអនុវត្តទៅលើក្រុមបាតុករហិង្សា ហើយកងទ័ពរបស់ប្រទេសនេះបានរក្សាការអត់ធ្មត់ ប៉ុន្តែមិនអាចលើកលែងដល់ក្រុមជ្រុលនិយមបង្កអសន្តិសុខនោះឡើយ។

សូមជម្រាបថា ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងវិបត្ដិនយោបាយយ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីការធ្វើរដ្ឋប្រហារយោធា រឹបអូសអំណាចពីរដ្ឋាភិបាលស៊ីវិល កាលពី​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ហើយចាប់ខ្លួនលោកស្រី អ៊ុង សាន​ស៊ូជី និង មន្ត្រីជាន់ខ្ពស់ នៃគណបក្សកាន់អំណាច ក្រោមការចោទប្រកាន់ថា បានលួចបន្លំ​ការបោះឆ្នោត កាលពីខែវិច្ឆិកា ឆ្នាំ២០២០៕