ភ្នំពេញ ៖ តារាសម្តែងដ៏ល្បីឈ្មោះមួយរូប អ៊ិន សុខលីដា ដែលធ្លាប់ធ្វើឲ្យកក្រើកវិស័យសិល្បៈនៅក្នុងទសវត្សរ៍ឆ្នាំ២០០០ ដែលអ្នកគាំទ្រ ក៏ដូចជាទស្សនិកជនជាច្រើនប្រាកដជាធ្លាប់បានស្គាល់យ៉ាងច្បាស់ពីតារាស្រីខាងលើ ជាពិសេសទស្សនិកជននាជំនាន់នោះតែម្ដង ខណៈដំបូងឡើយតារារូបនេះធ្លាប់បានទទួលចំណាត់ថ្នាក់លេខ ៣ ជាបវរកញ្ញា ទេសចរណ៍អន្តរជាតិ កាលពីឆ្នាំ២០០២ ជាមួយនឹងរូបសម្រស់យ៉ាងស្រស់ស្អាតរបស់ អ៊ិន សុខលីដា។

ទោះបីជាយ៉ាងនេះក្ដី បន្ទាប់ពីនាងត្រូវបានគេជ្រើសរើសឲ្យទៅប្រកួតក្នុងកម្មវិធីលំដាប់ថ្នាក់អន្តរជាតិគឺកម្មវិធី Miss Tourism International នាប្រទេសម៉ាឡេស៊ី ដោយពេលនោះ អ៊ិន សុខលីដា ទទួលបានចំណាត់ថ្នាក់លេខ ៥ ក្នុងឆ្នាំ២០០៣ ហើយក្រោយៗមកទៀតនាងត្រូវបានគេជ្រើសរើសឲ្យមកថតខ្សែភាពយន្តក្នុងស្រុកមួយគឺរឿង “ខ្មោចប្រពន្ធអាទុយ” ក៏ដូចជាបានសម្តែងភាពយន្តផ្សេងៗទៀត និងខារ៉ាអូខេជាដើម។

បើទោះជានៅពេលដែលអតីតតារាសម្តែងស្រីខាងលើទទួលបានកេរ្តិ៍ឈ្មោះបោះសំឡេងពីការសំដែងបែបនេះយ៉ាងណាក្ដី ស្រាប់តែក្នុងរយៈពេល១៥ឆ្នាំចុងក្រោយមកនេះបែរជាបាត់វត្តមានរបស់នាងឈឹងតែម្ដងពីពិភពសិល្បៈ ដែលធ្វើឲ្យបណ្តាអ្នកគាំទ្រហាក់មានការងឿងឆ្ងល់ ក៏ដូចជាមានការនឹករលឹកដល់នាងផងដែរ។

យ៉ាងណាមិញ បើតាមសារព័ត៌មានក្នុងស្រុកមួយបានបង្ហើបឲ្យដឹងថា ពេលនេះ អ៊ិន សុខលីដា បានលាឈប់ពីវិស័យសិល្បៈតាំងពីឆ្នាំ២០០៦ម្ល៉េះ ហើយនាងក៏បានចាកចេញពីប្រទេសកម្ពុជាដោយបានទៅរស់នៅក្នងសហរដ្ឋអាមេរិក នាឆ្នាំ២០១០ និងមកទល់នឹងពេលនេះ នាងមានស្វាមី ក៏ដូចជាកំពុងតែពរពោះកូនស្រីដំបូងជិតនឹងសម្រាលនាពេលខាងមុខនេះទៀតផង ដែលមើលទៅជីវិតរបស់នាងពិតជាមានសុភមង្គលជាមួយនឹងក្រុមគ្រួសារណាស់ ខណៈដែលនាងក៏ជាម្ចាស់ក្រុមហ៊ុនមួយផងដែរ៕