ហ្សូមបា គឺជាប្រភេទលំហាត់ប្រាណមួយបែប ចម្រុះទៅដោយក្បាច់រាំប្លែកៗរវាងក្បាច់រាំឡាទីន និងអាមេរិក ដែលនាពេលបច្ចុប្បន្នវាបានក្លាយជាលំហាត់ប្រាណដ៏ពេញនិយម និងទាន់សម័យនៅលើពិភពលោកតាមរយៈអត្ថប្រយោជន៍ដ៏គួរឲ្យភ្ញាក់ផ្អើលដូចខាងក្រោម៖

១. អាចធ្វើចលនាបានពេញមួយតួខ្លួន
ក្បាច់រាំនេះត្រូវបានបញ្ចូលគ្នារវាងក្បាច់រាំសែលសា(Salsa) និងក្បាច់រាំដែលប្រើប្រាស់ថាមពលច្រើន (Aerobic) ជាហេតុធ្វើឲ្យអ្នកអាចធ្វើចលនាបានគ្រប់ផ្នែកទាំងអស់នៃរាងកាយ ដោយរាប់បញ្ចូលទាំងម្រាមដៃ ស្មា ដងខ្លួននិងជើង។ ម៉្យាង រាល់ពេលអ្នករាំចង្វាក់នេះ អ្នកមិនចាំបាច់បារម្ភថាអ្នករាំត្រូវ ឬខុសនោះទេ ដរាបណាអ្នកអាចធ្វើចលនាតាមចង្វាក់ភ្លេង នោះមានន័យថា អ្នកបានកំពុងចូលរួមធ្វើលំហាត់ប្រាណហើយ។

២. ជួយសម្រកទម្ងន់បានល្អ
ការសិក្សាមួយនៅឆ្នាំ២០១២ បានបង្ហាញថាការរាំហ្សូមបារយៈពេល៣៩នាទីបានដុតបំផ្លាញថាមពលប្រហែល ៣៦៩កាល់ឡូរី ហើយអាចដុតបំផ្លាញបាន ៩.៥កាល់ឡូរីក្នុងមួយនាទី។ ក្រុមប្រឹក្សាសហរដ្ឋអាមេរិកទាក់ទងនឹងការធ្វើលំហាត់ប្រាណ បានផ្តល់អនុសាសន៍ថា បុគ្គលម្នាក់ៗគួរដុតបំផ្លាញថាមពលយ៉ាងតិច៣០០កាល់ឡូរី រាល់ពេលធ្វើលំហាត់ប្រាណដើម្បីជួយក្នុងការសម្រកទម្ងន់ និងរក្សាទម្ងន់។ ដូច្នេះ ក្បាច់រាំហ្សូមបាអាចបំពេញគ្រប់លក្ខខណ្ឌសម្រកទម្ងន់នេះបានយ៉ាងល្អ។

៣. ពង្រឹងសាច់ដុំរាងកាយទាំងមូល
អ្នកនឹងមានអារម្មណ៍ថាឈឺពេញទាំងខ្លួន ឬអាចឈឺត្រង់តំបន់ដែលអ្នកមិននឹកស្មានទៀតផង ដោយសារក្បាច់រាំហ្សូមបាបានផ្តោតទៅលើការធ្វើលំហាត់ប្រាណសាច់ដុំប្រភេទផ្សេងៗគ្នាគ្រប់ផ្នែកទាំងអស់នៃរាងកាយ ជាពិសេសសន្លាក់ផងដែរ។

៤. សម្រួលចង្វាក់បេះដូង និងសរសៃឈាម
ដូចដែលបានបញ្ជាក់ខាងលើ ក្បាច់រាំនេះបានរួមបញ្ចូលទាំងការរាំបែបសប្បាយៗ និងក្បាច់ប្រើប្រាស់ថាមពលច្រើន (Aerobic) ដែលជាប្រភេទលំហាត់ប្រាណជួយដល់ដំណើរការរបស់បេះដូង និងសរសៃឈាមបានល្អ។ ជាក់ស្តែង ការសិក្សាមួយបានបង្ហាញថា បន្ទាប់ពីរយៈពេល ១២សប្តាហ៍ក្រោយកម្មវិធីលំហាត់ប្រាណ ហ្សូមបា អត្រាលោតរបស់ចង្វាក់បេះដូង និង សម្ពាធឈាមរបស់អ្នកចូលរួមបានថយចុះគួរឲ្យកត់សម្គាល់។

៥. បង្កើនភាពរីករាយ និងបន្ថយស្ត្រេស
ពីព្រោះ ហ្សូមបា ជាប្រភេទលំហាត់ប្រាណជាក្រុមដែលមានមូលដ្ឋានគ្រឹះជាការរាំ និងតន្ត្រី ហេតុនេះវាហាក់បីដូចជាភាសាសកលមួយដែលមនុស្សគ្រប់គ្នាងាយស្ដាប់យល់ និងងាយធ្វើត្រាប់តាម។ តាមរយៈការបង្វែរចំណាប់អារម្មណ៍របស់អ្នកមកកាន់តន្ត្រីហើយបោះចោលនូវភាពតានតឹងទាំងឡាយដែលមានជារៀងរាល់ថ្ងៃ គឺជាវិធីមួយដ៏ល្អបំផុតដើម្បីជួយបន្ធូរបន្ថយភាពតានតឹងទាំងនោះ។ ការសិក្សាបានបង្ហាញការធ្វើលំហាត់ប្រាណអាចផ្តល់ប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយភាពនឿយហត់ បង្កើនការប្រុងប្រយ័ត្ននិងមានស្មារតីផ្ចង់អារម្មណ៍ខ្ពស់ ព្រមទាំងជំរុញឲ្យញាណដឹងមានដំណើរបានល្អប្រសើរទៀតផង។

៦. សមស្របគ្រប់វ័យ និងគ្រប់កម្រិត
ហ្សូមបា គឺជាប្រភេទលំហាត់ប្រាណចំណាយថាមពលច្រើន និងសមស្របសម្រាប់ហ្វឹកហាត់បេះដូង ហេតុនេះមនុស្សគ្រប់គ្នាអាចសាកល្បងជាមួយក្បាច់រាំប្រភេទនេះបានដោយមិនប្រកាន់អាយុ និងសមត្ថភាពនៃការចេះរាំ ឬមិនចេះរាំនោះទេ។ ប៉ុន្តែ ប្រសិនបើអ្នកមានបញ្ហាសុខភាពប្រចាំកាយអ្នកគួរប្រឹក្សាជាមួយគ្រូពេទ្យរបស់អ្នកជាមុនសិន៕