ប៉ុន្មានថ្ងៃនេះ អ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ឬ អ្នកបានបំពេញការងារជូនជាតិយ៉ាងហោចណាស់ពីររូប ត្រូវបានព្រះមហាក្សត្រព្រះរាជទានគោរមងារជា”ឧកញ៉ា”តាមរយៈព្រះរាជក្រឹត្យដាច់ដោយឡែកពីគ្នា នៅគ្រាដែលចំនួនអ្នកឆ្លងកូវីដ១៩នៅកម្ពុជាក៍កាន់តែកើនឡើងគួរឲ្យបារម្ភ ។

ឧកញ៉ាពីររូបដែលញីអ៊ុនឡើងខ្ពស់កប់ពពកក្នុងសម័យកូវីដ១៩នេះ គឺលោក សុន ដារ៉ាវុធ និង លោក កាង សុធី ។ គេនៅមិនទាន់ដឹងពីចំនួនឧកញ៉ា លោកឧកញ៉ានិងអ្នកឧកញ៉ានៅកម្ពុជាពិតប្រាកដនៅឡើយទេ តែតាមតួលេខពីឆ្នាំ១៩៩៤ដល់ឆ្នាំ២០១៤ នៅកម្ពុជាមានឧកញ៉ាជាង៧០០រូប ហើយដែលតួលេខនេះត្រូវបានគេផ្សព្វផ្សាយជាសាធារណៈនាពេលកន្លងមក ។

ចំណែកអ្នកដែលអាចទទួលគោរមងារជាឧកញ៉ា លុះណាតែបានបរិច្ចាគទ្រព្យសម្បត្តិសប្បុរសផ្ទាល់ខ្លួនពី១០ម៉ឺនដុល្លារឡើងទៅតាមអនុក្រឹត្យចាស់ តែតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកាលពីខែមេសា ឆ្នាំ២០១៧ គោរមងារជាឧកញ៉ា បានឡើងថ្លៃចាប់ពី៥០ម៉ឺនដុល្លារឡើងទៅ ៕