បរទេស៖ ក្រោយពេលមេដឹកនាំយោធាមីយ៉ាន់ម៉ា បានធ្វើរដ្ឋប្រហាររឹបអូសអំណាច និងចាប់ឃុំខ្លួនលោកស្រី អ៊ុង សានស៊ូជី និងមន្រ្ដីជាន់ខ្ពស់រដ្ឋាភិបាលស៊ីវិលនោះមក ​ប្រជាពលរដ្ឋភូមា នៅទូទាំងប្រទេស មិនបានឱបដៃនៅស្ងៀមនោះទេ ហើយសូម្បីតែឯកអគ្គរដ្ឋទូតប្រចាំនៅអង្គការសហប្រជាជាតិរបស់ប្រទេសនេះ ក៏បង្ហាញនូវភាពក្លាហាន ប្រឆាំងនឹងការធ្វើរដ្ឋប្រហារ នៅក្នុងប្រទេសរបស់ខ្លួនផងដែរ។​

បើតាមសារព័ត៌មាន VOA ជាភាសាអង់គ្លេស បានចេញផ្សាយ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ថា លោក Kyaw Moe Tun ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា (ភូមា) ប្រចាំនៅអង្គការសហប្រជាជាតិ បានបង្ហាញនូវភាព​ក្លាហានរបស់ខ្លួន ថ្លែងទៅកាន់សម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ ប្រឆាំងដាច់ខាតចំពោះការធ្វើរដ្ឋប្រហារ ដោយក្រុមមេដឹកនាំយោធា នៅក្នុងប្រទេសរបស់ខ្លួន។​ការថ្លែងបែបនេះ នាំឲ្យបណ្ដាប្រទេស នៅលើសកលលោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេសប្រទេសមហាអំណាចកំពូលៗ នៅលើពិភពលោក។

ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតភូមា បាន​​ស្នើសុំដល់អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ត្រូវប្រើប្រាស់គ្រប់មធ្យោបាយចាំបាច់ សម្រាប់ជួយការពារដល់ពលរដ្ឋភូមា ដើម្បីបញ្ឈប់នូវការក្តោបអំណាច ពីក្រុម​យោធា។ ក្រោយពេលឯកអគ្គរដ្ឋទូតភូមា បានថ្លែងប្រឆាំងនឹងមេដឹករដ្ឋប្រហារយោធា នៅក្នុងប្រទេសរបស់ខ្លួន ទៅកាន់អង្គការសហប្រជាជាតិភ្លាម សហរដ្ឋអាមរិក បានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹង ហើយប្ដេជ្ញានឹងដាក់ឲ្យក្រុមមេដឹកនាំយោធា ត្រូវតែទទួលខុសត្រូវ ចំពោះការធ្វើរដ្ឋប្រហារយោធានេះ។

នេះជាលើកទី២ហើយដែលឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិ បានថ្លែងប្រឆាំងនឹងប្រទេសខ្លួនឯង ខណៈលើកទី១ គឺឯកអគ្គរដ្ឋទូតលីប៊ី បានថ្លែងនៅក្នុងអង្គការសហប្រជាជាតិប្រឆាំងនឹងរបបមេដឹកនាំរបស់លោក ម៉ាមូដ ហ្គាដាហ្វី។

សូមជម្រាបថា ក្រុមមេដឹកនាំយោធាមីយ៉ាន់ម៉ា បានធ្វើរដ្ឋប្រហារ រឹបអូសអំណាចពីរដ្ឋាភិបាលស៊ីវិល ហើយចាប់លោកស្រី អ៊ុង សានស៊ូជី និងមន្រ្ដីជាន់ខ្ពស់រដ្ឋាភិបាលជាច្រើនរូប នាំទៅឃុំខ្លួន កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ ចាប់តាំងពីពេលនោះមក ក្រុមគ្រូពេទ្យ សាស្រ្ដាចារ្យ ព្រះសង្ឃ សិស្ស និស្សិត និងមន្រ្ដីរដ្ឋការរបស់ប្រទេស បានចេញមកតាមដងផ្លូវ ធ្វើបាតុកម្មពាសពេញប្រទេស ប្រឆាំងនឹងការធ្វើរដ្ឋប្រហារយោធានេះ៕