រាចធានីភ្នំពេញ៖ ខណៈការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងសហគមន៍កាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាពលរដ្ឋជាច្រើនក៏បានផ្លាស់ប្តូរទំលាប់ក្នុងការចាយវាយរបស់ខ្លួនផងដែរ ក្នុងនោះមធ្យោបាយទូទាត់តាមរយៈការស្កែនQR Code ក៏ឃើញថាមានកំណើនកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ដែលជាការចូលរួមចំណែកដ៏សំខាន់មួយ ក្នុងការទប់ស្កាត់ការចម្លងកូវីដ១៩ ។

បើតាមលោកស្រី ម៉ារ អមរា អនុប្រធាននាយិកាប្រតិបត្តិ ធនាគារអេស៊ីលីដាភីអិលស៊ី បានមានប្រសាសន៍ថា កំណើននៃអ្នកប្រើប្រាស់ការទូទាត់តាមរយៈការស្កែន QR Code បានកើនឡើងជាបន្តបន្ទាប់ចាប់តាំងពីធនា គារបានដាក់ឱ្យដំណើរការនៅតាមទីតាំងអាជីវកម្មជាច្រើនរួមហើយ ក៏ប៉ុន្តែភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍ថ្មីៗ២០កុម្ភៈ២០២១នេះ ឃើញថា ទីតាំងកាន់តែច្រើនបានដាក់QR ដើម្បីឱ្យអតិថិជនអាចស្កែននិងទូទាត់ការចំណាយរបស់ខ្លួនតាមរយៈទូរសព្ទដៃវិញ ដែលជាការងាយស្រួលនិងសុវត្ថិភាពសម្រាប់អតិថិជន និងម្ចាស់អាជីវកម្ម ។

លោកស្រីបន្តថា ការស្កែនQR Code សម្រាប់ការទូទាត់នឹងមិនចាំបាច់ឱ្យអតិថិជនមានប្រាក់ជាប់ខ្លួន ហើយមិនតែប៉ុណ្ណោះអតិថិជនក៏អាចប្រើប្រាស់អេបរបស់អេស៊ីលីដាម៉ូបាលក្នុងការទូទាត់នានាបានផងដែរ ដោយមិនបាច់ធ្វើដំណើរទៅកាន់បញ្ជរធនាគារឬការទូទាត់ផ្ទាល់ឡើយ ដូចជាការបង់ទឹកបង់ភ្លើង ជាដើម ដោយមិនបាច់ធ្វើដំណើរទៅបង់ផ្ទាល់ ។

លោកស្រីបន្ថែមថា កំណើនអ្នកចុះឈ្មោះប្រើប្រាស់អេបអេស៊ីលីដាម៉ូបាលបានកើនឡើងបន្តបន្ទាប់ដែលមកដល់ពេលនេះ មានប្រមាណជិត២លាននាក់ហើយ ខណៈពីមុននេះបន្តិចមានត្រឹមជាង១លាននាក់ប៉ុណ្ណោះ ។ ចំណែកទីតាំងអាជីវកម្មដែលសហការជាមួយនឹងធនាគារអេស៊ីលីដាក្នុងការដាក់ទូទាត់តាមប្រព័ន្ធQR ក៏ មានច្រើនឡើងៗផងដែរ ។

ក្រៅពីការទូទាត់ តាមប្រព័ន្ធQR Code បច្ចុប្បន្នក្នុងវិស័យហិរញ្ញវត្ថុ ក៏មានការ ទូទាត់តាមមធ្យោបាយ បច្ចេកវិទ្យាផ្សេងទៀតផងដែរ ដោយមិនប្រើប្រាស់ក្រដាសប្រាក់ដូចជា ម៉ាស៊ីនឆូតកាត (POS) ។

បើតាមលោកម៉ៅ សុភាព អ្នកគ្រប់គ្រងហាងកាហ្វេ អ៊ីអ៊ែនអឹម ( E&M) នៅផ្សារទំនើបជីបម៉ុងបាក់ទូកសេនធ័រ បានឱ្យដឹងថា ជាការកត់សម្គាល់លោកមើលឃើញថាចាប់តាំងពីកម្ពុជាជួបវិបត្តិដោយសារតែកូវីដ១៩មក ឃើញថាកំណើនអ្នកទូទាត់ការចំណាយនៅក្នុងហាងកាហ្វេរបស់លោកមានកាន់តែច្រើនដោយកាត់បន្ថយនូវការទូទាត់ដោយប្រើសាច់ប្រាក់សុទ្ធ ។ ទន្ទឹមនឹងនោះដែរ លោកក៏បានដាក់ឱ្យអតិថិជនទូទាត់តាមរយៈការស្កែន QR សម្រាប់ការចំណាយច្រើនធនាគារក្នុងនោះក៏មានធនាគារអេស៊ីលីដាផងដែរ ដែលជាជម្រើសកាន់តែច្រើនសម្រាប់អ្នកប្រើប្រាស់ធនាគារ ។

ក្នុងនាមលោកជាអាជីវករមួយរូបលោកក៏សុំឱ្យពលរដ្ឋងាកមកប្រើប្រាស់ការចំណាយតាមរយៈការស្កែនកាន់តែច្រើន ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលកាន់តែខ្លាំងនៃវីរុសកូវីដ១៩ ។

តាមរបាយការណ៍របស់ធនាគារអេស៊ីលីដា បានបង្ហាញថា បច្ចុប្បន្នធនាគារអេស៊ីលីដាមានបំពាក់ម៉ាស៊ីនឆូតកាតនៅតាមទីតាំងអាជីវកម្ម ចំនួន ៤.២៩០គ្រឿង ម៉ាស៊ីនអេធីអឹម៧៥៣គ្រឿង បណ្ណដកប្រាក់ អេស៊ីលីដា ចំនួន ១.០៦៣.៧៤១ បណ្ណឥណពន្ធ វីសា ចំនួន ១២៦.៣៨១ បណ្ណឥណទាន វីសា ១៣.៥៥៨; បណ្ណឥណពន្ធ ម៉ាស្ទ័រកាត ជាង ៨ ម៉ឺន និងបណ្ណឥណទាន ម៉ាស្ទ័រកាត ១.៤១២ ៕