ថៃ ៖  រឿង Raya and The Last Dragon គឺជារឿងមួយដែលនិយាយពីនគរ Kumandra ជាទីកន្លែងដែលមនុស្សនិងនាគរស់នៅជាមួយគ្នាដោយសុខសាន្តប៉ុន្តែថ្ងៃ មួយនៅពេលបិសាចឈ្មោះ Druun ចូលមកបំផ្លាញនគរនេះនាគរាជទាំងអស់បាន ឧទ្ទិសជីវិតដើម្បីការពារជីវិតមនុស្ស។ ៥០០ ឆ្នាំក្រោយមកបិសាចដដែលនោះបាន ត្រលប់មកម្ដងទៀតហើយម្ដងនេះអ្នកចំបាំងតែម្នាក់នេះត្រូវតែតាមរកនាគរាជចុង ក្រោយគេនៅក្នុងនគរដើម្បីបញ្ឈប់បិសាចកំណាច Druun ឲ្យចាកចេញពីទឹកដី។


Yaya​ ត្រូវបានគេជ្រើសរើសឲ្យមកបញ្ចូលសំឡេងជាតួឯកស្រីព្រះនាង Disney ថ្មីម្នាក់ទៀតគឺព្រះនាង Raya នៃនគរ Kumandra នៅក្នុងខ្សែភាពយន្តបែបអភិនីហារមួយរបស់ក្រុមហ៊ុន Disney ដែលប្រែជាភាសាខ្មែរថា “ព្រះនាង Raya និងនគររាជចុងក្រោយគេ” គឺជាខ្សែភាពយន្តកម្រិតយក្សមួយផលិតឡើងតាមបែបវប្បធម៌របស់អាស៊ីអាគ្នេយ៍។


តួយ៉ាង កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១​ បន្ទាប់ពីមានការបង្ហាញជាផ្លូវការរម្ចាស់សំឡេង ដែលនឹងមកបញ្ចូលសំឡេងឲ្យតួអង្គ Raya នៅក្នុងខ្សែភាពយន្តខាងលើ ដែលត្រូវបានសម្រេចជ្រើសរើសយកកញ្ញា Yaya ដែលជាតួសម្តែងដ៏ល្បីឈ្មោះមួយរូបនៅក្នុងប្រទេសថៃ ស្រាប់តែមានការផ្ទុះចេញនូវមតិពីរផ្សេងគ្នាទៀតបានបង្កឲ្យមានការជជែកវែកញែកតវ៉ាគ្នាជាច្រើននៅលើបណ្តាញសង្គមផងដែរ។


បន្ទាប់ពីមានការបង្ហាញពីសមាសភាពរបស់តារាស្រីខាងលើ ដែលនឹងមកបញ្ចូលសំឡេង​ជាព្រះនាង​ Raya មានមតិពីរបានលើកហេតុផលផ្សេងៗគ្នាជាច្រើនដែលធ្វើឲ្យកក្រើកនៅលើបណ្តាញសង្គម ដោយមានមតិខ្លះលើកឡើងថា គួរតែយកអ្នកអាជីពយកមកបញ្ចូលសំឡេងតែម្ដងទៅព្រោះអាចនឹងមានបទពិសោធន៍ច្រើនជាង ហេតុអ្វីបែរជាយកតារាមកបញ្ចូលសំឡេងបែបនេះទៅវិញ ខណៈដែលការយកកញ្ញា Yaya មកបញ្ជូលសំឡេងឲ្យរឿងខ្នាតធំបែបនេះវាអាចធ្វើឲ្យបាត់បង់នូវភាពល្អឥតខ្ចោះរបស់រឿង ព្រោះតែការបញ្ចូលសំឡេងនោះអាចនឹងមិនសមជាដើម។


បើទោះបីជាយ៉ាងនេះក្ដី ក៏មានមតិមួយទៀតបានលើកឡើងផ្ទុយពីការល់ើកឡើងខាងលើថា សំឡេងរបស់កញ្ញា Yaya គឺស៊ីគ្នាជាមួយនឹងតួអង្គរបស់ព្រះនាង Raya ដែលជាសំឡេងដើម ជាពិសេសជាងនេះទៅទៀតនោះ Animation របស់ក្រុម Disney  ភាគច្រើនគឺគេតែងតែយកតារាសម្តែង អ្នកចម្រៀង យកមកបញ្ចូលសំឡេងនោះគឺជារឿងធម្មតាទៅហើយ ដូច្នេះមិនគួរមានការរិះគន់មុននឹងលទ្ធផលចេញមកនោះទេ ម្យ៉ាងទៀតអ្នកបញ្ចូលសំឡេងអាជីពនៅតែអាចបញ្ចូលសំឡេងបានគ្រាន់តែប្ដូរទៅបញ្ចូលសំឡេងទៅលើតួអង្គផ្សេងៗទៀតនៅក្នុងរឿងដូចគ្នាបាន៕