បរទេស៖ រហូតមកដល់ពេលនេះ នាយករដ្ឋមន្រ្ដីវៀតណាម បានអនុញ្ញាតឲ្យអាជ្ញាធររដ្ឋធានីហាណូយ និងទីក្រុងហៃផុង អាចមានសិទ្ធិទិញវ៉ាក់សាំងបង្ការកូវីដ១៩ ចាក់ជូនដល់ប្រជាពលរដ្ឋរបស់ខ្លួនបាន ហើយក្រសួងសុខាភិបាលរបស់ប្រទេសនេះ បានស្នើសុំទៅរដ្ឋាភិបាលឲ្យទិញវ៉ាក់សាំងរបស់អាមេរិក និងរុស្ស៊ីបន្ថែមទៀត សម្រាប់បង្កើនឲ្យមានវ៉ាក់សាំងគ្រប់ចំនួន ចាក់ជូនដល់ពលរដ្ឋ។

លោក​ ង្វៀង សឹងភុក នាយករដ្ឋមន្រ្ដីវៀតណាម បានបញ្ជាក់ថា លោកបាន​អនុញ្ញាតឲ្យអាជ្ញាធរទីក្រុងហាណូយ និង ហៃផុង មានសិទ្ធិ អាចទិញវ៉ាក់សាំងបង្ការកូវីដ១៩ ដោយខ្លួនឯង។ ប៉ុន្ដែទោះជាយ៉ាងណា លោកនាយក​រដ្ឋមន្ត្រីបានស្នើដល់ក្រសួងសុខាភិបាល ត្រូវតែជួយណែនាំដល់អាជ្ញាធរ ក្នុងការទិញវ៉ាក់សាំងផងដែរ។

កាលពីប៉ុន្មានថ្ងៃមុននេះ ប្រទេសវៀតណាម បានទទួលវ៉ាក់សាំង Astrazeneca ពីប្រទេសអង់គ្លេស ហើយនៅពេលនេះដែរ ក្រសួងសុខាភិបាល នឹងរៀបចំចាក់វ៉ាក់សាំងបង្ការកូវីដជូនដល់ពលរដ្ឋ ពិសេស​អ្នកងាយរងគ្រោះមុនគេ។ ក្រៅពីនេះ​ក្រសួងសុខាភិបាល​បានជំរុញឲ្យបង្កើនសកម្មភាពទប់ស្កាត់ការឆ្លង ប្រកបដោយប្រសិទ្ធភាពបំផុតផងដែរ។​

ក្រសួងសុខាភិបាលវៀតណាម បានស្នើទៅរដ្ឋាភិបាល សុំឲ្យអនុម័តការទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួនពីរទៀត ដែលជាវ៉ាក់សាំងរបស់អាមេរិក និងរុស្ស៊ី ដើម្បីបង្កើនចំនួនវ៉ាក់សាំងឲ្យមានគ្រប់គ្រាន់ សម្រាប់ចាក់ជូនពលរដ្ឋ។ ​ក្រសួងសុខាភិបាលវៀតណាម បានស្នើសុំទៅរដ្ឋាភិបាលវៀតណាមឲ្យទិញវ៉ាក់សាំង Moderna របស់អាមេរិក និងវ៉ាក់សាំង JSC Generium របស់រុស្ស៊ី៕