ព័ត៏មាន មិនថាព័ត៏មានបោះពុម្ពផ្សាយ(កាសែត ឬ ទស្សនាវដ្តី) វិទ្យុ ទូរទស្សន៍ និងព័ត៏មានតាមអេឡិចត្រូនិក(Facebook Website ..) គឺកន្លងមក ពលរដ្ឋខ្មែរមួយចំនួនហាក់មិនសូវមានការចាប់អារម្មណ៍ និងឲ្យតម្លៃខ្ពស់ប៉ុន្មាននោះទេ បើទោះជាមជ្ឈដ្ឋានអ្នកអាន មើល និងស្តាប់មួយចំនួនបានចាត់ទុកព័ត៏មានជាអាហារមិនចេះធុញទ្រាន់ប្រចាំថ្ងៃរបស់ខ្លួន រហូតអ្នកខ្លះឲ្យតម្លៃខ្ពស់ និងបានចាត់ទុកព័ត៏មានជាអំណាចទី៤ បន្ថែមលើអំណាចនីតិប្បញ្ញត្តិ ប្រតិបត្តិ និងអំណាចតុលាការរបស់ស្ថាប័នជាតិនោះថែមទៀត ។

ជាការពិតរស់នៅក្នុងសង្គម មិនថាប្រទេសនោះប្រកាន់ ឬ មិនប្រកាន់យកតាមបែបលទ្ធិប្រជាធិបតេយ្យនោះទេ គឺព័ត៏មានមានសារប្រយោជន៍ និង សំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋ ក្នុងការការស្វែងយល់ពីនយោបាយ សេដ្ឋកិច្ច វប្បធ៏ម កីឡានិង វិទ្យាសាស្រ្តនានាទាំងក្នុងប្រទេសនិងពិភពលោក ។

ជាក់ស្តែង ជាមោទកភាពមួយ ដែលពលរដ្ឋខ្មែរកាន់តែច្រើនបានយល់ដឹង និងសារប្រយោជន៍នៃព័ត៏មាន ពិសេសចាប់តាំងពីមេរោគកូវីដ១៩ បានផ្ទុះនិងរីករាលដាលកាន់តែធំទៅៗនៅក្នុងសហគមន៍២០ កុម្ភៈ គេកត់សម្គាល់ឃើញថា ពលរដ្ឋខ្មែរភាគច្រើនលើសលប់ បានតាមដានព័ត៏មានអំពីការវិវត្តថ្មីៗ ពិសេសការចម្លងមេរោគកូវីដ១៩ទៅក្នុងមូលដ្ឋានសហគមន៍ដែលពួកគេកំពុងរស់នៅ និងអ្នកខ្លះបានចាត់ទុកព័ត៏មានអំពីកូវីដ១៩ គឺជាជីវិតរបស់ពួកគេ ៕ 

សូមពលរដ្ឋខ្មែរ ពិសេសយុវជននិងយុវនារី អាននិងស្តាប់អត្ថបទល្អៗដែលជាគុណប្រយោជន៍ឲ្យបានច្រើន ដើម្បីខ្លួនឯង គ្រួសារនិងសង្គមជាតិ ។