ខេត្តសៀមរាប៖ បុរសជនជាតិចិនម្នាក់ មានតួនាទីជានាយកសារព័ត៌មាន Angkor Today បានបំផ្លើសព័ត៌មាន ដោយចោទប្រកាន់មកលើរដ្ឋាភិបាលកម្ពុជា ថា បានលក់វ៉ាក់សាំងបង្ការកូវីដ១៩ ដែលជាអំណោយរបស់រដ្ឋាភិបាលចិន ប៉ុន្ដែរហូតមកដល់វេលាល្ងាច ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ជននោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅក្នុងខេត្តសៀមរាប។

មន្រ្ដីនគរបាលខេត្តសៀមរាប បានឲ្យដឹងថា ជនបំពុលសង្គម ប្រឌិតព័ត៌មានក្លែងក្លាយ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ SHEN KAIDONG ជនជាតិចិន មានតួនាទីជានាយកសារព័ត៌មាន Angkor Today ។ សារព័ត៌មាននេះ បានផ្សព្វផ្សាយជាភាសាចិនថា «កម្ពុជាបានលក់វ៉ាក់សាំងបង្ការកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ក្នុងតម្លៃ១២០ដុល្លារអាមេរិក»។

មន្រ្ដីនគរបាលដដែល បានបញ្ជាក់ថា ក្រោយពេលមានការចុះផ្សាយនូវព័ត៌មានបែបនេះ សមត្ថកិច្ចជំនាញក៏បានស្រាវជ្រា រហូតឈានដល់ការឃាត់ខ្លួនបុរស ឈ្មោះ SHEN KAIDONG ជនជាតិចិន នាយកសារព័ត៌មាន Angkor Today មានទីស្នាក់ការ នៅខេត្តសៀមរាប។
សូមជម្រាបថា មុនពេលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យខាងលើនេះ អ្នកនាំពាក្យ ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានប្រកាសច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយរបស់សារព័ត៌មានអនឡាញ Angkor Times ដែលផ្សព្វផ្សាយថា កម្ពុជាលក់វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់មហាមិត្តចិនដល់កម្ពុជា។ កម្ពុជាបានទទួលវ៉ាក់សាំងបង្ការកូវីដ Sinopharm ពីរដ្ឋាភិបាលចិន កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រោយពេលឃាត់ខ្លួនរួចមក សមត្ថកិច្ចបាននាំជនសង័្សយទៅសាកសួរ និងចាត់ការតាមនីតិវិធី៕