រាជធានីភ្នំពេញ៖ សម្ដេច​នាយករដ្ឋមន្ត្រី​កម្ពុជា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បានផ្ញើសារទៅកាន់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ នៅតាមបណ្ដាខេត្ត មានព្រំដែនជាប់ជាមួយនឹងប្រទេសជិតខាង ឲ្យបង្កើនការគ្រប់គ្រង់នូវការចេញចូលរបស់ប្រជាពលរដ្ឋ​ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត នៃជំងឺកូវីដ១៩ ចូលទៅក្នុងសហគមន៍។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ​សូមអភិបាលខេត្ត នៅតាមព្រំដែន ទាំងព្រំដែនជាមួយថៃ ​ព្រំដែនជាមួយវៀតណាម និងព្រំដែនជាមួយឡាវ ក៏ដូចជា ស្ថាប័នពាក់ព័ន្ធ ​យើងបាន​ពង្រឹងចត្តាឡីស័ក ពង្រឹងការគ្រប់គ្រងចេញចូលរបស់ប្រជាជន ហើយយកគោលដៅច្បាស់លាស់ សម្រាប់ពង្រឹងចត្តាឡីស័ក នៅតាមតំបន់ព្រំដែន ដើម្បីចៀសវាងការហូរចូល នៃជំងឺមកពីក្រៅប្រទេស ចូលមកក្នុងប្រទេស ។ ប៉ុន្តែចំពោះការដឹកទំនិញរកស៊ី គឺជាមួយគ្នា នៅតែបន្តធ្វើធម្មតា។

សម្ដេចតេជោ បានបញ្ជាក់ថា​ សូមស្ដាប់ខ្ញុំ បើបានច្បាស់លើរឿងនេះ។ ខ្ញុំទើបទទួលដំណឹងថា​អគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ មានដាក់បទបញ្ជា ទៅតាមខត្តដែលនៅជាប់តាមព្រំដែន កម្ពុជា- ថៃ ជាពិសេសតំបន់ព្រំដែនខេត្តប៉ៃលិនថា មិនឲ្យបងប្អូនខ្មែរយើងដឹកជញ្ជូនកសិផល ដឹកទៅព្រំដែនថៃ ដូចមុនទៀតទេ ដោយចាប់អនុវត្តពីថ្ងៃស្អែក នៅក្នុងករណីនេះដែរ បែរជារថយន្តថៃ ដឹកមកចូលក្នុងទឹកដីរបស់យើងវិញបាន ។

សម្ដេចនាយករដ្ឋមន្រ្ដី បានបន្តថា បើសិនជាដូច្នេះ ខ្ញុំសុំឱ្យក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម សខេង ក៏ដូចជាអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដកនូវបទបញ្ជានេះចេញវិញ ដើម្បីសម្រួលឲ្យប្រជាជន នៅតាមព្រំដែន រកស៊ីធម្មតា ហើយមិនត្រឹមតែរកស៊ីធម្មតាទេ ខែនេះក៏ជាខែប្រមូលផល ត្រូវខិតខំឲ្យប្រជាជនអាចនាំចេញទៅបានកាន់តែច្រើន កាន់តែល្អ មិនអាចដឹកពីថៃ ​មកដឹកទំនិញចូល, ចូលមកដឹកក្នុងប្រទេសយើងបាន។ ប៉ុន្តែបែរជាហាមឃាត់ប្រជាពលរដ្ឋខ្មែររបស់យើង មិនឲ្យដឹកទំនិញចេញទៅប្រទេសថៃ។ ជាមួយវៀតណាម ក៏ដូចគ្នាដែរ ខ្ញុំសូមបញ្ជាក់ឡើងវិញ អ្វីដែលជាគោលបំណងរបស់យើង គឺគ្រប់គ្រងប្រជាពលរដ្ឋដើម្បីធ្វើចត្តាឡីស័ក ប៉ុន្តែការធ្វើពាណិជ្ជកម្ម តាមព្រំដែននៅតែធ្វើធម្មតា ។

សម្ដេចតេជោ ហ៊ុនសែន បានបញ្ជាក់ទៀតថា ខ្ញុំសូមឱ្យតាមបណ្ដាខេត្ត នៅតាមព្រំដែនទាំងអស់ យកការទទួលខុសត្រូវ ដើម្បីធ្វើវិធានការ ធ្វើយ៉ាងណាឲ្យប្រជាជន នៅតែបន្តរកស៊ីជាមួយប្រទេសជិតខាងបាន ហើយ​មានការជួយសម្រួលពីអាជ្ញាធររបស់យើងផង។ កូវីដ វាបានបំផ្លាញយើងហើយ មិនអាចឲ្យមានការបំផ្លាញខ្លាំងសេដ្ឋកិច្ចបន្ថែមទៀតទេ ។ ខ្ញុំសូមស្នើឱ្យសម្ដេចក្រឡាហោម បញ្ជាក់​ឱ្យខ្ញុំ តើអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចេញបញ្ជាបែបនេះ ទៅកាន់កន្លែងណាខ្លះ សូម្បីដកនូវ បទបញ្ជាអ្នកវិញ ពីព្រោះថាទំនិញវាអត់មានជំងឺកូវីដអីទេ ទំនិញយើងដែលចូលទៅប្រទេសថៃ ឬយកទៅវៀតណាម ឬវៀតណាមដឹកមកកម្ពុជា កម្ពុជាទៅថៃ គឺអត់មានកូវីដទេ។ បញ្ហាសំខាន់របស់យើង គឺយើងធ្វើពង្រឹង គ្រប់គ្រងការធ្វើចត្តាឡីស័ក ។

សម្ដេច បានគូសបញ្ជាក់ថា​គួរបង្កលក្ខណៈសម្បត្តិអោយប្រជាពលរដ្ឋបានរកស៊ី នៅតាមព្រំដែន ចាំតែបង្កលក្ខណៈឱ្យរកស៊ីកាន់តែធំទៅៗ ពីព្រោះទីផ្សាររបស់យើងច្រើនពឹងពាក់ទៅលើទីផ្សារប្រទេសជិតខាង ដែលពឹងក្នុងការនាំចូលប្រទេសយើងកាន់តែច្រើន ហើយការនាំចេញពីប្រទេសយើងទៅខាងក្រៅក៏កាន់តែច្រើនដែរ។ ដូច្នេះសូមបន្តលើបញ្ហានេះ ឲ្យបានច្បាស់លាស់ ចៀសវាងការភាន់ច្រឡំ ហើយការចេញបទបញ្ជាណាមួយពាក់ព័ន្ធនឹងព្រំដែន សូមឱ្យខ្ញុំបានដឹងផង សូមមេត្តាឱ្យខ្ញុំបានដឹងផង ពីព្រោះខ្ញុំទទួលខុសត្រូវទៅលើបញ្ហា កិច្ចការនយោបាយក្រៅប្រទេសនិងក្នុងប្រទេស ។ កន្លងទៅយើងក៏មានការឆកល្វែងដែរ មានការចេញបទបញ្ជាទប់ស្កាត់ មិនឲ្យនាំចូលត្រី ពីខាងក្រៅ ដែលអាចថា ខុសទៅនឹងបទដ្ឋាន នៃអង្គការពាណិជ្ជកម្មពិភពលោក និងក្របខណ្ឌអេស្ការ គឺតំបន់ពាណិជ្ជកម្មសេរីអាស៊ាន ដូច្នេះយើងបានធ្វើការកែតម្រូវទៅនឹងក្រសួងកសិកម្ម ជាមួយនឹងការហាមឃាត់ត្រីចូលពីខាងវៀតណាម ដែលអាចធ្វើអោយមានបញ្ហា ហើយជារឿងដែលត្រូវចាត់ការបន្ទាន់ និងសុំឲ្យខេត្តនៅតាមព្រំដែនធ្វើកិច្ចការនេះបន្ទាន់ ហើយបើមានការរអាក់រអួលដោយប្រការណាមួយ គឺអាចទាក់ទងមកសម្ដេចផ្ទាល់តែម្ដង៕