បរទេស៖ បណ្ដាប្រទេសជាសមាជិករបស់អាស៊ាន កំពុងតែស្វះស្វែង រកទិញវ៉ាក់សាំងបង្ការកូវីដពីបណ្ដាប្រទេសផលិតវ៉ាក់សាំង ហើយកាលពីវេលាម៉ោង១០​ព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ វៀតណាម ដែលជាប្រទេសកុម្មុយនីស្ដ នៅក្នុងតំបន់ បានហក់ទៅចាប់យកវ៉ាក់សាំងរបស់ប្រទេសលោកសេរី ផ្ទុយពីប្រទេសថៃ បែរជាបញ្ជាទិញវ៉ាក់សាំងពីចិនជាប្រទេសកុម្មុយនីស្ដទៅវិញ។

បើតាមបណ្ដាញផ្សព្វផ្សាយរបស់បរទេស បានឲ្យដឹងថា កាលពីវេលាខាងលើនេះ ​​ក្រុមហ៊ុន AstraZeneca របស់ចក្រភពអង់គ្លេស បានបញ្ជូនវ៉ាក់សាំងបង្ការកូវីដ ជាជំហានដំបូង ចំនួន១១៧ពាន់ដូស បានមកដល់អាកាសយានដ្ឋានតឹងស៊ឺងញឹក ទីក្រុងហូជីមិញ ប្រទេសវៀតណាម។ បើតាមគម្រោង ​ក្រុមហ៊ុន AstraZeneca នឹងបញ្ជូនវ៉ាក់សាំងបង្ការកូវីដរបស់ខ្លួន មកឲ្យ​វៀតណាម ចំនួន៣០លានដូស តាមកិច្ចព្រមព្រៀង រវាងរដ្ឋាភិបាលវៀតណាម  និងក្រុមហ៊ុនមួយនេះ កាលពីដើមឆ្នាំ២០២១។ ប៉ុន្ដែ​វ៉ាក់សាំងនេះនឹងបញ្ជូនមកជាច្រើនលើក តាមដំណាក់កាល។

បើតាមសារព័ត៌មានបាងកកប៉ុស្តិ៍ បានផ្សាយថា យន្តហោះរបស់អាកាសចរណ៍ Thai Airways​បាន​វ៉ាក់សាំងបង្ការកូវីដ-១៩ Sinovac របស់ចិន ចំនួន២សែនដូស​​ ចេញពីរដ្ឋធានីប៉េកាំង ប្រទេសចិន ហើយនិងចុះចត នៅក្នុងអាកាសយានដ្ឋានអន្តរជាតិ សុវណ្ណភូមិ ស្ថិតនៅភាគខាងកើត ទីក្រុងបាងកក នៅវេលាម៉ោង១០ និង៥នាទីព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ។

លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី​ថៃ បានថ្លែងថា «ថ្ងៃនេះ​ជាថ្ងៃនៃប្រវត្តិសាស្ត្រ ដែលយើងត្រូវទទួលបានវ៉ាក់សាំងក្នុងចំនួនដ៏ច្រើន…។ រដ្ឋាភិបាលបាន និងកំពុងតែព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីទទួលបានវ៉ាក់សាំងទៅតាមកាលកំណត់។ បើគ្មានបញ្ហាកើតឡើងជាយថាហេតុណាមួយទេនោះ វ៉ាក់សាំងជាច្រើនបន្ថែមទៀត នឹងមកដល់ប្រទេសថៃទៅតាមផែនការ។ ​

រដ្ឋាភិបាលថៃ ​​បានបញ្ជាទិញវ៉ាក់សាំងបង្ការកូវីដ ពីក្រុមហ៊ុនចិន Sinovac សរុប២លានដូសក្នុងតម្លៃ៤០លានដុល្លារអាមេរិក។ រីឯវ៉ាក់សាំង ចំនួន ២០០ ០០០ដូសនេះ​ នឹងត្រូវយកទៅរក្សាទុកក្នុងឃ្លាំងយ៉ាងត្រឹមត្រូវ រហូតដល់ថ្ងៃសុក្រសប្តាហ៍នេះ ទើប​ចាត់ចែងទៅតាមគម្រោង។ ​ថៃនឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង ជាលើកដំបូង នៅថ្ងៃចន្ទសប្តាហ៍ក្រោយ។

ទោះជាយ៉ាងណា ប្រទេសថៃមិនបានទុកចិត្តទៅលើវ៉ាក់សាំងបង្ការកូវីដ១៩ មានប្រភពតែមួយនោះទេ។ ក្រៅពីវ៉ាក់សាំងរបស់ចិនខាងលើនេះ ថៃក៏បានបញ្ជាទិញវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca (អង់គ្លេស) រហូតដល់ជាង២១លានដូស។ ប៉ុន្ដែវ៉ាក់សាំងរបស់ AstraZeneca នេះ នឹងត្រូវផលិត នៅក្នុងប្រទេសថៃ។

កន្លងមក ថៃបានអះអាងថា ថៃនឹងផលិតវ៉ាក់សាំងបង្ការកូវីដរបស់ខ្លួន ហើយការចាប់ផ្ដើមធ្វើតេស្ដវ៉ាក់សាំងនោះជាលើកដំបូង នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ខាងមុខនេះ។ ប្រសិនបើជោគជ័យទាំង៣ដំណាក់កាល ថៃនឹងផលិតវ៉ាក់សាំង រហូតដល់ទៅជិត៣០លានដូស៕