រាជធានីភ្នំពេញ ៖ កាលប៉ុន្មានថ្ងៃមុន ឈ្មោះពូហុន បានតែង និងច្រៀងនូវបទចម្រៀងជេរប្រមាថ មើលងាយលើស្រ្តីខ្មែរយ៉ាងធ្ងន់ធ្ងរ ដោយប្រើពាក្យដល់កេរ្តិ៍ភេទស្រីចំៗតែម្តង គ្មានសំចៃមាត់ ធ្វើឲ្យមហាជនផ្ទុះប្រតិកម្មជាខ្លាំង និងស្នើឲ្យសមត្ថកិច្ចពាក់ព័ន្ធ ត្រូវមានវិធានការការផ្លូវច្បាប់ណាមួយ ដាក់ទោសបុរសឡប់សតិ គ្មានសីលធម៌ខាងលើឲ្យបានធ្ងន់ធ្ងរបំផុត ព្រោះវាបង្ហាញពីការធ្លាក់ចុះសីលធម៌របស់កូនខ្មែរ ដែលមានថ្លើមធំហ៊ានប្រមាថមើលងាយដល់ស្រ្តីខ្មែរ និងទុកជាការព្រមានដល់អ្នកដទៃទៀត កុំឲ្យយកគំរូតាម។

ក្រោយពីការច្រៀងអសីលធម៌ និងបង្ហោះតាមបណ្តាញសង្គម ធ្វើឲ្យមហាជនផ្ទុះប្រតិកម្មជាខ្លាំង ក្រុមកាងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានស្រាវជ្រាវគណនី tik tok ឈ្មោះពូហុន ដែលបានច្រៀងចម្រៀងreb remix បទ”ឆ្នាំថ្មី ២០២១ KD ឡើងថ្លៃ” ធ្វើឱ្យប៉ះពាល់ ដល់កិត្តិយសសេចក្ដីថ្លៃថ្នូរសីលធម៌សង្គមរបស់ខ្មែរយើង ពិសេសធ្វើឱ្យមហាជនអ្នកនិយមបណ្ដាញសង្គមធ្វើការរិះគន់យ៉ាងខ្លាំង សំណូមពរស្នើសុំឱ្យសមត្ថកិច្ចចាត់វិធានការចំពោះបុគ្គលជាម្ចាស់គណនីតិកតុក ឈ្មោះពូហុន នេះទៅតាមច្បាប់។

នៅថៃ្ងទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ សមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានចុះស្រាវជ្រាវនិងអញ្ជើញបុគ្គលឈ្មោះ ហួន ហុន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរអ្នករត់តុ នៅហាងBBQ សាច់អាំងមួយកន្លែងក្នុងក្រុងច្បារមន យកមកធ្វើការសាកសួរស្វែងរកប្រភពពិត។ បុគ្គលខាងលើបានទទួលស្គាល់សារភាពថាខ្លួន គឺជាម្ចាស់គណនី តិកតុក ឈ្មោះពូហុន ពិតជាបានធ្វើបទចម្រៀង ដែលមានអត្ថន័យមិនសមរម្យ និងបានបង្ហោះទៅក្នុងបណ្ដាញ tik tok ចែកចាយជាសាធារណៈប្រាកដមែន។

ដោយសារខ្វះការគិតគូរពិចារណាគ្រប់ជ្រុងជ្រោយការភ្លើតភ្លើនភ្លេចភ្លាំងមិនបានគិតពីតម្លៃនៃស្រ្ដីខ្មែរ ព្រោះតែចង់ល្បីនៅក្នុងបណ្ដាញសង្គមធ្វើឱ្យបុគ្គល ហួន ហុន ធ្វើនូវទង្វើមិនគម្បីដែលមហាជនមិនអាចទទួលយកបាន ក្រោយដឹងអំពីកំហុស បុគ្គលហួន ហុន បានសុំការអធ្យាស្រ័យលើកលែងទោស និងសុំទោសពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស អ្នកនិយមបណ្ដាញសង្គមមេត្តាអត់ឱនយោគយល់ កុំប្រកាន់ទោស ចំពោះទង្វើអសីលធម៌នេះផង ដើម្បីឲ្យបុគ្គលនេះ បានធ្វើការកែខ្លួនជាថ្មី ហើយបុគ្គលនេះ សន្យាថា ចាប់ពីថៃ្ងនេះទៅ ឈប់លេងបណ្ដាញសង្គមទៀតហើយ៕
ចង់ជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនាវីដេអូដូចខាងក្រោម៖