រាជធានីភ្នំពេញ៖ ក្រោយពេលអ្នកមានគុណបានទទួលមរណភាពភ្លាម តារាសម្ដែង វីជេអាឡាស្កូ បានបង្ហោះសារដ៏ក្រៀមក្រំមួយរៀបរាប់ គួរឲ្យនឹកអាណិតជាទីបំផុត ប៉ុន្ដែទោះជាយ៉ាងណា ការជួប និងព្រាត់ប្រាសគ្នាបែបនេះ មិនមានអ្នកណាម្នាក់អាចគេចផុតឡើយ ព្រោះវាជាច្បាប់ធម្មជាតិ សម្រាប់មនុស្សសត្វគ្រប់រូប តែងតែកើត និងស្លាប់ទៅវិញជាធម្មតា។

​វីជេ អាឡាស្កូ បានបង្ហោះសារដ៏ក្រៀមក្រំគួរឲ្យអាណិតអំពីមរណភាពរបស់ម្តាយជាទីគោរពស្រលាញ់របស់លោក ដែលបានទទួលមរណភាព កាលពីរាត្រី ថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២១​ក្នុងវ័យ៦៨ឆ្នាំ ដោយសាររោគាពាធ។ ដំណឹងនេះបានបង្កើតឲ្យអ្នកជិតស្និទ្ធនឹងតារាសម្តែង និងជាពិធីកររូបនេះ មានការភ្ញាក់ផ្អើល ហើយ​បាននាំគ្នាចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះផងដែរ។

វីជេ អាឡាស្កូ បានរៀបរាប់ នៅក្នុងសារប្រកបដោយការ និងសោកសង្រេងថា «យើងបែកគ្នារហូតហើយ ណាម៉ែណា! កូនលែង​មានអ្នកម្ដាយហៅ លែងមានអ្នកធ្វើម្ហូបឆ្ងាញ់ៗឲ្យ លែងមានអ្វីគ្រង់យ៉ាង រវាងកូនៗ និងអ្នកម្តាយ។ កូនសែនអាល័យខ្លាំងណាស់ណាអ្នកម៉ែ​»។

វីជេ អាឡាស្កូ បានរៀបរាប់បន្ដថា «​រាល់អនុស្សាវរីយ៍ ជាង៣០ឆ្នាំកន្លងមកនេះ ត្រូវបានបញ្ចប់នៅថ្ងៃនេះ។ អ្នកម្តាយរបស់ខ្ញុំញញឹមស្រស់ណាស់ ម្តាយរបស់ខ្ញុំរឹងមាំខ្លាំងណាស់ ចិញ្ចឹមកូន៤នាក់ ដោយគ្មានលក្ខខណ្ឌ។ អ្នកម្ដាយលះបង់ច្រើនពេកណាស់ហើយ ម្តេចក៏អ្នកម្ដាយមិននៅចាំកូនៗ តបស្នងសងគុណសិន​។

សារខាងលើរបស់វីជេ អាឡាស្កូ ​បានធ្វើឲ្យអ្នករួមអាជីព និងអ្នកសិល្បៈដទៃទៀត ក៏ដូចជា អ្នកគាំទ្ររបស់លោក បានការរំជួលចិត្តយ៉ាងខ្លាំង។ ប៉ុន្ដែទោះជាយ៉ាងណា មិនមានអ្នកណាម្នាក់អាចរត់គេចផុតពីច្បាប់ធម្មជាតិ (កើត ចាស់ ឈឺ ស្លាប់) នេះបានឡើយ ព្រោះមនុស្សសត្វទាំងអស់ គឺស្ថិតនៅក្នុងរូបំ ទុក្ខ អនិច្ចំ និងអនត្ដានេះឯង។​

​តារាសម្តែងរូបនេះ បានបញ្ជាក់ថា សពរបស់ម្តាយរបស់លោក ឈ្មោះ ធុច សុខុម នឹងត្រូវដង្ហែ​ចេញពីផ្ទះ នៅខាងជើងផ្សារលើ ឆ្ពោះទៅកាន់ឈាបនដ្ឋានវត្តធម្មរតនៈសាគរ ហៅ «វត្តកំពង់ឧសលើ» នៅរសៀល ថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២១។ រីឯពិធីបូជាសពនឹងត្រូវធ្វើឡើង នៅវេលាម៉ោង៦ និង៣០នាទីយប់ ថ្ងៃដដែលនេះ។

ដោយឡែក កម្មវិធីបុណ្យសពនឹងបញ្ចប់ នៅវេលាថ្ងៃត្រង់ ថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២១។ ជាមួយគ្នានេះ ក្នុងនាមលោក​ជាតំណាងឲ្យគ្រួសាររបស់សពសូមអញ្ជើញញាតិមិត្ត ជិតឆ្ងាយចូលរួមជាភ្ញៀវកិត្ដិយស នៅក្នុងកម្មវិធីបុណ្យខាងលើផងដោយក្ដីអនុគ្រោះ៕