ភ្នំពេញ ៖  ក្រសួងអប់រំយុវជន និងកីឡា បានសម្រេចឱ្យផ្អាកបេសកកម្មនៅក្នុងប្រទេសទាំងអស់រយៈពេល ២សប្តាហ៍ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចេញពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

បើយោងទៅតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ស្តីពីវិធានការសម្រាប់អង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈថា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ពីអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ទៅខេត្តដទៃទៀតក៏ដូចជាយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំយុវជន និងកីឡា សូមណែនាំដល់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ដូចខាងក្រោមថា ៖

– រាល់បេសកកម្មក្នុងប្រទេសត្រូវផ្អាករយៈពេល ០២សប្តាហ៍ ចាប់ពីថ្ងៃទទួលបានសេចក្តីណែនាំនេះតទៅ លើកលែងតែករណីចាំបាច់បំផុត និងត្រូវមានការយល់ព្រមពី ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

– រាល់កិច្ចប្រជុំ សិក្ខាសាលា វគ្គបំប៉ន និងវគ្គបណ្តុះបណ្តាលទាំងអស់ ត្រូវអនុវត្តន៍តាមបែបអនឡាញទាំងស្រុង។

– អង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ ត្រូវតាមដាន និងរាយការណ៍ជាប្រចាំអំពីស្ថានភាព សុខភាពមន្ត្រីរបស់ខ្លួន ក្នុងករណីបុគ្គលិកអប់រំរូបណាមានការសង្ស័យ ឬមានរោគសញ្ញាស្រដៀងនឹងជំងឺកូវីដ-១៩ ត្រូវទូរស័ព្ទជាបន្ទាន់ទៅលេខ ១១៥ ដើម្បីពិគ្រោះយោបល់ និងផ្តល់ព័ត៌មានមកអង្គភាព ដើម្បីរាយការណ៍មកក្រុមការងារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ របស់ក្រសួងអប់រំ យុវជន និងកីឡា (នាយកដ្ឋានរដ្ឋបាល )។

ក្នុងនោះផងដែរ ក្រសួងបានបន្ថែមថា នៅពេលទទួលបានសេចក្តីណែនាំនេះ អង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ នៃក្រសួងអប់រំ យុវជន និងកីឡា ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចូលរួមសហការអនុវត្តន៍ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕