ខេត្តកំពង់ស្ពឺ ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្តីជូនដំណឹង កាលពីថ្ងៃទី២៣កុម្ភៈ បញ្ជាក់ថា មិនមានករណីឆ្លងកូវីដ១៩ ក្នុងខេត្តនេះទេ។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ថា ដោយសារតែករណីមានរបាយការណ៍សង្ខេបរបស់លោកនាយកអនុវិទ្យាល័យឆាយឆ្មប ហើយដោយមានការផ្សព្វផ្សាយព័ត៌មាននៅតាមបណ្តាញសង្គមថា មានករណីឆ្លងជំងឺកូវីដ-១៩ ដល់សិស្សនៃអនុវិទ្យាល័យឆាយឆ្មប។

ករណីនេះ ដោយសារឪពុកម្តាយរបស់សិស្សម្នាក់ នៃអនុវិទ្យាល័យឆាយធុបបានប៉ះពាល់ដោយប្រយោលនៅក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ គឺមិនមែនប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកឆ្លងជំងឺកូវីដ-១៩ នោះឡើយ ហេតុនេះ ពួកគាត់ស្ថិតក្នុងចំណោមអ្នកប្រឈមឆ្លងជំងឺទាបបំផុត។ បច្ចុប្បន្ន ពួកគាត់បាននិងកំពុងធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ព្រមទាំងមានការយកចិត្តទុកដាក់ពីក្រុមការងារចត្តាឡីស័ក នៃមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ផងដែរ។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់នាយកសាលាអនុវិទ្យាល័យឆាយឆុប ដែលផ្ញើមកការិយាល័យអប់រំ យុវជន និងកីឡា ក្រុងច្បារមនខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ក្រុមគ្រួសារសិស្សស្រីម្នាក់រៀននៅអនុវិទ្យាល័យឆាយឆុប ឈ្មោះ ភឹម សុគា ឆ្នាំកំណើត២០០៥ រៀនថ្នាក់ទី៩B ក្នុងឆ្នាំសិក្សា២០២០-២០២១ ដែលមានឪពុកម្តាយ ជាកសិករ មានលំនៅក្នុងភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ»។ តែបច្ចុប្បន្នក្រុមគ្រូពេទ្យ បានដាក់ក្រុមគ្រួសារគាត់ឱ្យនៅដាច់ដោយឡែកពីគ្នាហើយ ចំណែកទីកន្លែងមិនដឹងច្បាស់៕