រាជធានីភ្នំពេញ៖ បុរសជាជនជាតិបារាំងម្នាក់បាន​ប្រើប្រាស់​នូវសារធាតុញៀន ​និងកាន់កាប់អាវុធដោយខុសច្បាប់ ហើយបំផ្លិចបំផ្លាញទ្រព្យរបស់អ្នកដទៃ ទើបសមត្ថកិច្ចចុះទៅឃាត់ខ្លួន កាលពីថ្ងៃទី២៣ ខែកុម្ភៈ នៅក្នុង​ផ្ទះជួលលេខH12B នៃបុរីសុភមង្គល ផ្លូវជាតិលេខ៦ សង្កាត់ជ្រោយចង្វា​ ខណ្ឌជ្រោយចង្វា​។

លោកឧត្តមសេនីយ៍ទោ ទិត វិសិដ្ឋ ស្នងការរង ទទួលផែនការងារអន្តោប្រវេសន៍ និងលោកនាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បានដឹកនាំកម្លាំង​ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃផែនការងារអន្តោប្រវេសន៍ ចុះទៅ​សហការជាមួយកម្លាំង​អធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វា ឃាត់ខ្លួនជនជាតិបារាំងម្នាក់ នៅក្នុងបុរីខាងលើ។

មន្រ្ដីនគរបាលខណ្ឌជ្រោយចង្វា បានបញ្ជាក់ថា បុរសជាជនជាតិបារាំង ដែលឃាត់ខ្លួននោះ មានឈ្មោះ BAUDRY SEBASTIEN ​អាយុ៤៣ឆ្នាំ។ សមត្ថកិច្ចចម្រុះបានចុះទៅឃាត់ខ្លួនបុរសបរទេសម្នាក់នេះ ក៏ដោយសារតែ​មានការជាប់ពាក់ព័ន្ធនឹងករណីស្នាក់នៅខុសច្បាប់ ប្រើប្រាស់នូវសារធាតុញៀន ប្រើប្រាស់អាវុធដោយខុសច្បាប់ និងបំផ្លិចបំផ្លាញទ្រព្យអ្នកដទៃ។

ក្រោយពេលឃាត់ខ្លួនរួចមក សមត្ថកិច្ចបាន​បញ្ជូនបុរសជាជនជាតិបារាំងម្នាក់នេះទៅកាន់វិទ្យាស្ថានជាតិសុខភាពសាធារណៈ ដើម្បីពិនិត្យ ស្វែងរក​កូវីដ-១៩។ បន្ទាប់មកសមត្ថកិច្ចបាន​ឃាត់ខ្លួនជនបរទេសម្នាក់នេះ នៅក្នុងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ជាបណ្តោះអាសន្ន ដើម្បីរង់ចាំលទ្ធផល និងចាត់ការបន្តតាមនីតិវិធី​៕