ខេត្តព្រៃវែង៖ មនុស្ស៤១នាក់ និងអ្នកដែលពាក់ព័ន្ធដោយប្រយោលផ្សេងទៀត ត្រូវបានអាជ្ញាធរខេត្តព្រៃវែង យកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័កដាក់នៅដាច់ដោយឡែក ក្នុងករណីពាក់ព័ន្ធនឹងស្ត្រីជានគរបាលជាតិម្នាក់ ឆ្លងកូវីដ១៩ ដែលបានមកចូលរួមមង្គលការមួយកន្លែងស្ថិតក្នុងភូមិទួលសង្កែទទឹង ឃុំជាច ស្រុកកំចាយមារ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ។

លោក ចាន់ ថា អភិបាលរងខេត្តព្រៃវែង បានថ្លែងឲ្យដឹងថា តាមការផ្ដល់ព័ត៌មានពីសមត្ថកិច្ចរាជធានីភ្នំពេញថា មានស្ត្រីម្នាក់ឈ្មោះ ល.ស.ផ អាយុ៣៥ឆ្នាំ ស្នាក់នៅខុនដូ Skyline Dumex តេស្តវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាល នៅមជ្ឈមណ្ឌលជាតិប្រឆាំងរោគរបេង រាជធានីភ្នំពេញ។

លោកបានបន្តថា ស្ត្រីរូបនេះនឹងមិត្តភក្កិបីនាក់ បានមកចូលរួមមង្គលការនៅភូមិទួលសង្កែទទឹង ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែងនៅថ្ងៃ១៧ ខែកុម្ភៈ វេលាម៉ោង ១២ ដល់ម៉ោង ៣ និង ៣០នាទីរសៀល។ នៅចំពោះមុខ អាជ្ញាធរបានចុះស្រាវជ្រាវ និងចាត់វិធានការចំពោះអ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ចំនួន១៤នាក់ ធ្វើចត្តាឡីស័កយកសំណាកទៅពិនិត្យ និងមិនផ្ទាល់២៧នាក់ រួមទាំងអ្នកពាក់ព័ន្ធដោយប្រយោលផ្សេងទៀត ណែនាំនៅដាច់ដោយឡែក និងបន្តស្រាវជ្រាវ។

ម្យ៉ាងទៀតដោយម្ដាយ និងម្ចាស់ពិធីមង្គលការជាគ្រូបង្រៀន និងគ្រប់វត្តមានគ្រូនៅសាលាបឋមសិក្សា ស ខេង ទួលសង្កែទទឹង ដែលបានចូលបង្រៀនសិស្សបន្ទាប់ពីមង្គលការកូនផងនោះ ទើបអាជ្ញាធរខេត្តសម្រេចផ្អាកការសិក្សាមួយរយៈខ្លី ដើម្បីគ្រប់គ្រងសភាពការណ៍។

បើតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលស្រុកកំចាយមារ បានឲ្យដឹងថា អ្នកជំងឺម្នាក់នេះដែលមានប្តីជនជាតិចិន មានទីលំនៅអគារ Skyline ក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ ពិតជាបានមកចូលរួមក្នុងពិធី មង្គលការនៅភូមិទួលសង្កែទទឹងឃុំជាច ស្រុកកំចាយមារកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ពិតមែន។ ម្ចាស់ដើមការឈ្មោះ ស៉ឹម កុសល និងប្រពន្ធឈ្មោះ សាន ចន្ធី ដែលមានភ្ញៀវចូលរួមក្នុងពិធីការ ចំនួន៨០០នាក់។

អ្នកជំងឺបានមកពីភ្នំពេញដល់រោងការនៅវេលាម៉ោង ១២ថ្ងៃត្រង់ ដោយមានអ្នករួមដំណើរចំនួន ៤នាក់សរុប ៥នាក់ ប៉ុន្តែតាមការអះអាងរបស់ម្ចាស់ផ្ទះថាអ្នកទាំង ៥នាក់នោះ មិនបានទៅចូលរួមពិសាអាហារ នៅក្នុងរោងការទេ គឺហូបអាហារនៅតុក្រៅរោងការ (នៅផ្ទះការ) ដោយគ្មានអ្នកណាចូលរួមទុកអាហារក្រៅពីពួកគាត់ ៥នាក់នោះទេ។

យ៉ាងនេះក្តីអ្នកទាំង ៥នាក់ ក្រៅពីអង្គុយនៅតុបាយ គឺពួកគាត់ក៏បានចេញចូលក្នុងបន្ទប់អនាម័យផងដែរ ដូច្នេះមិនដឹងថា តើអ្នកណាខ្លះបានប្រើប្រាស់បន្ទប់អនាម័យនោះក្រៅពីពួកគាត់ និងម្ចាស់ផ្ទះទាំងបីនាក់ និងអ្នកណាខ្លះដែលបានមកដល់ប៉ះពាល់តុ និងចានអាហាររបស់ពួកគាត់ក្រោយពេលពួកគាត់ចេញទៅវិញ នៅវេលាម៉ោង ៤រសៀលជាងនោះដែរ៕