រាជធានីភ្នំពេញ៖ តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅក្នុងប្រទេសកម្ពុជាមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីការផ្ទុះកូវីដ-១៩ ឆ្លងចូលទៅក្នុងក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ហើយករណីនេះអាចនឹងឆ្លងខ្លាំង រាលដាលចូលទៅក្នុងសហគមន៍ នាពេលខាងមុខ ប្រសិនបើមិនបានរៀបចំ និងទប់ស្កាត់ឲ្យបានល្អទេនោះ។
លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោក ប្រចាំនៅកម្ពុជា បានថ្លែងទៅកាន់សន្និសីទសារព័ត៌មាន កាលពីព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ថា ការផ្ទុះជំងឺកូវីដ-១៩ ឆ្លងចូលព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ អាចឆ្លងជាចង្កោមតូច ចូលទៅក្នុងសហគមន៍ នាពេលខាងមុខ ប្រសិនបើមិនទប់ស្កាត់ជំងឺកូវីដនេះឲ្យបានល្អ។ ការផ្ទុះជំងឺកូវីដ១៩ នៅកម្ពុជា អាចនឹងមានទ្រង់ទ្រាយធំ។
តំណាងអង្គការសុខភាពពិភពលោក ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា «កម្ពុជានៅតែមានលទ្ធភាព ក្នុងការឆ្លើយតប និងទប់ស្កាត់ពីការឆ្លងទ្រង់ទ្រាយធំ នៅក្នុងសហគមន៍។ ប៉ុន្ដែដើម្បីទប់ស្កាត់នូវជំងឺកូវីដនេះ យើងត្រូវតែត្រៀមជាការចាំបាច់ សម្រាប់ការផ្ទុះកាន់តែធំ នាពេលខាងមុខ។
ជាមួយគ្នានេះ លោកស្រី Li Ailan បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចមានការចម្លងជាចង្កោម ឆ្លងចូលទៅក្នុងសហគមន៍ ដូច ព្រឹត្តិការសហគមន៍ ២០ កុម្ភៈ។ យើងខ្លាចកើតមានឡើងលើករណីផ្ទុះធំ នៅក្នុងសហគមន៍ ហើយនៅពេលនេះ កម្ពុជាកំពុងរងការវាយលុយជាចង្កោមទ្រង់ទ្រាយតូច នៅក្នុងស្រុក។ ប៉ុន្តែលោកស្រីសូមបញ្ជាក់ថា យើងកំពុងជួបហានិភ័យក្នុងការកើតផ្ទុះឡើង ជាទ្រង់ទ្រាយធំ នៅក្នុងសហគមន៍។
លោកស្រី បានបន្ថែមថា ប្រសិនបើកើតមានករណីផ្ទុះចូលទៅក្នុងសហគមន៍នោះ សាលារៀននានា នឹងត្រូវបិទទ្វារផងដែរ។ ដូច្នេះយើងត្រូវធ្វើការរួមគ្នាការពារកម្ចាត់នូវសេណារីយូ កុំឲ្យវាកើតឡើង ពីព្រោះបើផ្ទុះទ្រង់ទ្រាយធំ ចូលនៅក្នុងសហគមន៍ វាអាចនឹងធ្វើឲ្យប៉ះពាល់ដល់សុខភាព សង្គម និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា៕