រាជធានីភ្នំពេញ៖ បុរសជាបុគ្គលិកធានាគារឯកជនម្នាក់ បានបើកម៉ូតូក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុក រថយន្តបត់ឆ្លងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់ ខណ:បញ្ជូនទៅកាន់មន្ទីរពេទ្យ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង០៩ និង២១នាទីថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។ ជនរងគ្រោះឈ្មោះ ចាន់ ប៊ុនណា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរបុគ្គលិក ធនាគារឯកជន ស្នាក់នៅបុរីពិភពថ្មីកំបូល ។

សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿងម៉ាក Toyota Prius ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BH-7044 បានបើកឆ្លងកាត់ទទឹងផ្លូវ បានពាក់កណ្ដាលផ្លូវ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូ១គ្រឿងម៉ាក ហុងដាស្កុបពី ពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ 1HI-2612 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿន មកបុករថយន្តខាងលើពេញទំហឹង បណ្តាលឲ្យម៉ូតូដួលហើយអ្នកបើកបោកក្បាលនឹងថ្នល់រងរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យតែម្ដង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងនិងកំណត់ហេតុ យកយានយន្តពាក់ព័ន្ធទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់ ។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ច ប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្តីសោកសង្វេគជាពន់ពេក៕