ខេត្តបន្ទាយមានជ័យ ៖ កាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ មានការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង ក្រោយពីទទួលដំណឹងដ៏រសើបថា លោក ប្រាក់ ប៉ូលី អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តបន្ទាយមានជ័យ ដែលត្រូវលោករដ្ឋមន្ត្រី ជា សុផារ៉ា ដកចេញពីដំណែងនោះ នឹងឡើងជា អភិបាលរងខេត្តបន្ទាយមានជ័យ នៅពេលឆាប់ៗនេះ ។

យោងតាមហ្វេសប៊ុកផេក Pheng Vannak Newsបានបង្ហោះថា « មន្ត្រីរាជការ និង ប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ នាំគ្នាហួសចិត្ត នៅពេលដែលទទួលដំណឹងថា លោកប្រាក់ ប៉ូលី អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តបន្ទាយមានជ័យ នឹងឡើងជា អភិបាលរងខេត្តបន្ទាយមានជ័យនៅពេលឆាប់ៗនេះ ។

ប្រភពបានបញ្ជាក់ថា លោក អុំ រាត្រី អភិបាលខេត្ត បានធ្វើសំណើសុំតែងតាំង លោកប្រាក់ ប៉ូលី បច្ចុប្បន្ន ជាទីប្រឹក្សាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាអភិបាលរងខេត្តបន្ទាយមានជ័យ ជំនួស លោកស្រី ប៉ុក ណាឌី ដែលចូលនិវត្តន៍ ។ ការស្នើសុំតែងតាំងនេះ មហាជនមើលឃើញថា ខេត្តទាំងមូលដូចខ្វះមន្ត្រីដាក់ បែរជាយកមន្ត្រីដែលសម្បូរទៅដោយរឿងអាស្រូវដីធ្លីពេញខេត្តបន្ទាយមានជ័យ ឲ្យឡើងតំណែងទៅវិញ ។

គួរបញ្ជាក់ថា លោកប្រាក់ ប៉ូលី អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបាន ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដកចេញពីដំណែងប្រធានមន្ទីរ បន្ទាប់ពីក្រុមអធិការកិច្ចក្រសួងរកឃើញកំហុសជាច្រើន ដែលលោកប្រាក់ ប៉ូលី បានបង្កឡើង ។ ប៉ុន្តែដោយមានការអន្តរាគមន៍ពីលោកធំម្នាក់ លោកប្រាក់ ប៉ូលី ក៏ត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្នើសុំតែងតាំងជាទីប្រឹក្សាក្រសួង ។

លោក អុំ រាត្រី ត្រូវបានគេមើលឃើញថា មានជំនាញពូកែខាងយកមន្ត្រីពីលិចពីកើត ពីជើងពីត្បូង មកតែងតាំងដោយមិនមើលឃើញមន្ត្រីនៅក្នុងខេត្តបន្ទាយមានជ័យ ទេ» ។ជុំវិញនឹងករណីខាងលើនេះ «KBN» រង់ចាំការបំភ្លឺពីគ្រាប់ភាគីពាក់ព័ន្ធទាំងអស់៕