រាជធានីភ្នំពេញ៖ ចាប់តាំងពីការបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការកូវីដរបស់ចិន នៅថ្ងៃទី១០-២២ ខែកុម្ភៈ ឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនដល់មន្រ្ដីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ សរុប ៣៧ ៣៧៩នាក់។ ក្នុងចំណោមអ្នកចាក់វ៉ាក់សាំងនោះ រួមមាន ក្របខ័ណ្ឌក្រសួងសុខាភិបាល ចំនួន ៥ ៨៦០នាក់ និងក្របខណ្ឌក្រសួងការពារជាតិ ចំនួន​៣១ ៥១៩នាក់។

ក្រសួងសុខាភិបាល កាលពី​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០ បានឲ្យដឹងថា បើគិតចាប់ពីថ្ងៃទី១០-២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចាក់វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាមរបស់ចិន ជូនជនស៊ីវិលបាន សរុប ៥ ៨៦០នាក់ ហើយក្នុងនោះមានស្ត្រី​ចំនួន ១ ៩៧៦នាក់។

ដោយឡែកក្រសួងការពារជាតិ វិញ ក៏បានបញ្ជាក់ផងដែរថា បើគិតចាប់ពីថ្ងៃទី១០-២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) របស់ចិន ជូនកងកម្លាំងប្រដាប់អាវុធ សរុប ៣១ ៥១៩នាក់ ហើយក្នុងនោះមានស្រ្ដី ២ ៥៥៥នាក់ផងដែរ។​

ជាមួយគ្នានេះដែរ ក្រសួងការពារជាតិ បានបញ្ជាក់ថា ការ​ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ​(ស៊ីណូហ្វាម)របស់ចិន បានចាប់ផ្ដើមតាំងពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងមន្ទីរពេទ្យកេតុមាលា។ ប៉ុន្ដែរហូតមកដល់ពេលនេះ ក្រសួងការពារជាតិ​នឹងនៅតែបន្តចាក់វ៉ាក់សាំងនេះ នៅតាមអង្គភាពសំខាន់ៗរបស់ខ្លួនមួយចំនួនទៀត​។ រីឯមេទ័ពកំពូលរបស់ជាតិ នាយទាហាន នាយទាហានរង និងពលទាន ​មានអាយុចាប់ពី១៨ឆ្នាំ-៥៩ នឹងត្រូវមកទទួលការចាក់វ៉ាក់សាំងនេះជាបន្តបន្ទាប់៕

សូមអានរបាយការណ៍របស់ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ ទាំងស្រុង ដូចខាងក្រោម៖