ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការប្រកាសជាបន្ទាន់មួយ ដោយបានអំពាវនាវសូមឲ្យប្រជាពលរដ្ឋទាំងអស់នៅក្នុងក្រុងភ្នំពេញ បើគ្មានការចាំបាច់ណាមួយនោះទេ សូមកុំចាំបាច់ទៅក្រៅផ្ទះ ដោយសម្តេចបានមានប្រសាសន៍ជាបន្ទាន់យ៉ាងដូច្នេះថា “សូមឲ្យប្រជាជននៅក្នុងទីក្រុងភ្នំពេញមានការប្រុងប្រយ័ត្ន ហើយសូមបញ្ជាក់ថា បើគ្មានកាចាំបាច់ កុំអាលចេញពីផ្ទះ ព្រោះឥឡូវយើងកំពុងរាវរក ពិតមែនយតែដឹងចំណុចក្លឹប N8 កន្លែងរស់នៅមួយចំនួន តំបន់មួយចំនួនត្រូវបានបិទហើយ ក៏ប៉ុន្តែចរាចរណ៍វីរុសកូវីដ ដែលចេញពីទីតាំងនេះ នៅកន្លែងណាខ្លះ? យើងកំពុងរុករក”។

គួរបញ្ជាក់ផងដែរ សម្តេចតេជោ ហ៊ុន សែនបានរំលឹកទៅដល់ប្រជាពលរដ្ឋទាំងអស់ដែលនៅក្នុងក្រុងភ្នំពេញ ដោយសូមឲ្យព្យាយាមរក្សាសុវត្ថិភាពឲ្យបានត្រឹមត្រូវបំផុត និងសូមឲ្យប្រជាលរដ្ឋទាំងអស់ត្រូវអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ៣កុំ និង ៣ការពារទាំងអស់គ្នាផងដែរ៕