រាជធានីភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានបញ្ជាក់អំពីករណីវេជ្ជបណ្ឌិតម្នាក់ ជាគ្រូបង្រៀនដល់កងទ័ព ហើយសង័្សយអំពីករណីឆ្លងកូវីដ១៩នោះ ត្រូវបានធ្វើតេស្ដរកឃើញអវិជ្ជមាន នៃកូវីដ១៩ ប៉ុន្ដែនៅពេលនេះ គាត់ត្រូវបានដាក់ឲ្យធ្វើចត្ដាឡីស័ក។

សម្ដេចវិជ័យសេនា ទៀ បាញ់ រដ្ឋមន្រ្ដីក្រសួងការពារជាតិ កាលពីព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ជាឲ្យនាំវេជ្ជបណ្ឌិតម្នាក់ ដែលបានចុះទៅបង្រៀនដល់កងទ័ព នាំទៅធ្វើចត្តាឡីស័ក ក្រោយមានការសង្ស័យអំពីឆ្លងជំងឺកូវីដ-១៩​។ បើតាមការថ្លែងរបស់សម្តេច នៅក្នុង​​សារជាសំឡេង មានរយៈពេលប្រហែល៥នាទីនោះ បាន​រៀបរាប់ អំពីវេជ្ជបណ្ឌិតរូបនេះ​ បានបើកគ្លីនិកឯកជនមួយ និងបានចុះទៅបង្រៀនដល់កងទ័ព។

សម្ដេច ទៀ បាញ់ បានបញ្ជាក់ថា «​បញ្ហា​ដែលសំខាន់ជាងគេបំផុត ក៏ដោយសារតែវេជ្ជបណ្ឌិតម្នាក់នោះ ​បើកគ្លីនិក ហើយគាត់ព្យាបាលអ្នកកើតកូវីដ-១៩ហ្នឹង។ ​​ឥឡូវមានបញ្ហាធំបំផុត គឺ​គាត់បានទៅបង្រៀនក្រុមគ្រូពេទ្យយើង រួមទាំង​កាំភ្លើងធំផង មនុស្សផង សាលាបច្ចេកទេសផង ពេទ្យទៅរៀន ទាំងប៉ុន្មាន ត្រូវដាក់ចត្តាឡីស័កទាំងអស់។ ប៉ុន្ដែមុនដំបូងបង្អស់ គឺត្រូវនាំវេជ្ជបណ្ឌិតដែលបង្រៀន មកត្រួតពិនិត្យលើ​សំណាករបស់គាត់»។​

ទោះជាយ៉ាងណា ក្រោយការធ្វើតេស្ដលើសំណាករបស់វេជ្ជបណ្ឌិតរូបនេះរួចមក ឃើញថា អវិជ្ជមាន នៃកូវីដ១៩។ ប៉ុន្ដែវេជ្ជបណ្ឌិតរូបនោះក៏ត្រូវបានដាក់ឲ្យធ្វើចត្ដាឡីស័កផងដែរ៕