រាជធានីភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអះអាងថា ​កម្ពុជាមិនអាចលាក់បាំងពីការស្លាប់ដោយសារជំងឺកូវីដ-១៩ បានឡើយ ព្រោះកម្ពុជាមានសាក្សីសំខាន់ចំនួន២ គឺអង្គការសុខភាពពិភពលោក និងគណ:កម្មាធិការត្រួតពិនិត្យជំងឺឆ្លងសហរដ្ឋអាមេរិក ហៅកាត់ CDC ។

​លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែង នៅក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ជាមួយនឹង​ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានទាំង៥ កាលពីព្រឹក ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១​ ក្រសួងសុខាភិបាលកម្ពុជា បានសហការយ៉ាងជិតស្និទ្ធជាមួយគណ:កម្មាធិការត្រួតពិនិត្យជំងឺឆ្លងសហរដ្ឋអាមេរិក (CDC) និងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា។ ដូច្នេះកម្ពុជាមិនអាចលាក់បាំងពីការស្លាប់ ដោយសារជំងឺកូវីដ-១៩ នេះបានឡើយ។ រីឯ​គណ:កម្មាធិការត្រួតពិនិត្យជំងឺឆ្លងសហរដ្ឋអាមេរិក (CDC) ធ្វើកិច្ចការងារនេះច្បាស់លាស់ណាស់ មិនអាចភូតកុហករដ្ឋាភិបាលរបស់គេនោះទេ។

លោករដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានបញ្ជាក់ថា  កម្ពុជាមានសាក្សីសំខាន់ៗចំនួន២  រួមមាន អង្គការសុខភាពពិភពលោក និងគណ:កម្មាធិការត្រួតពិនិត្យជំងឺឆ្លងសហរដ្ឋអាមេរិក CDC ហើយ ក្រសួងសុខាភិបាលកម្ពុជាមិនអាចធ្វើតែម្នាក់ឯង នៅក្នុងកិច្ចការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះបាន​ទេ។​ ស្ថាប័នអន្តរជាតិធំៗទាំង២នេះជាមូលដ្ឋាន ក្នុងការបង្ហាញថា កម្ពុជាមិនបានលាក់បាំងព័ត៌មានអំពីករណីស្លាប់ ដោយសារកូវីដ១៩៕