ភ្នំពេញ ៖ ប្រិយមិត្ត ទស្សនិកជនភាគច្រើន​ ប្រាកដជាបានស្គាល់រួចមកហើយពីកញ្ញា សុភ័ក្ត្រ កុសុម៉ា ដែលជាពិធីការិនីសម្បូរវោហារ សម្តីចាក់ទឹកមិនលិច និងពោរពេញដោយភាពក្រមិចក្រមើមនោះ នាងតែងតែធ្វើឲ្យមហាជន ក៏ដូចជាអ្នកជុំវិញខ្លួនផ្ទុះសំណើចចំពោះកាយវិការ និងពាក្យសម្តីរបស់នាងផងដែរ។


សុភក្រ្ត កុសុម៉ា ត្រូវបានអ្នករួមសិល្បៈជាមួយតែងតែលើកឡើងថា នាងជាក្មេងស្រីគួឲ្យស្រឡាញ់ និងជាមនុស្សរួសរាយរាក់ទាក់ផងដែរ។ ទោះបីជាយ៉ាងនេះក្ដី តារាស្រីរូបនេះក៏ឧស្សាហ៍ត្រូវបានមិត្តរួមអាជីពបង្អាប់ពីសម្បុរស្បែករបស់នាង ក៏ដូចជាការឡើងទម្ងន់របស់នាងជាញឹកញាប់ ដោយគេគិតថានាងប្រហែលជាមនុស្សដែលមិនសូវចេះប្រកាន់នោះឡើយ។


ក៏ប៉ុន្តែ ការមើលងាយ និងការវាយតម្លៃមនុស្សតែសម្បកក្រៅបានធ្វើឲ្យ កញ្ញា សុភក្រ្ត កុសុម៉ា ហាក់មានការអន់ចិត្តរហូតធ្វើឲ្យនាងផ្លាស់ប្តូរខ្លួនឯងពីមនុស្សដែលមានទម្ងន់ជិត៦០គីឡូ មកនៅត្រឹម៥០គីឡូវិញ ហើយពេលនេះរូបរាងកាយរបស់នាងកាន់តែស្រស់ស្អាតជាងមុនមួយកម្រិត ខណៈនាងក៏បានបង្ហោះសារបែបនេះទៅកាន់អ្នកដែលធ្លាប់មើលងាយនាងថា “ពិតជាពិបាកទ្រាំនូវពាក្យដែលគេមើលងាយនិយាយចំៗ ថាធាត់ម៉េះ ធាត់ទៅចាស់ម៉េះ អាក្រក់ណាស់ ទៅណាគេសើចពីមុខពីក្រោយ សំខាន់ឆ្ងាញ់ត្រង់ថាធាត់ហើយខ្មៅទៀត ពាក្យទាំងអស់នេះហើយទើបធ្វើអោយខ្ញុំអាចយកឈ្នះពីការអត់ឃ្លានបាន ខ្ញុំមិនខឹងអ្នកទេ មានតែអរគុណអ្នកថែម បើមិនមានអ្នកថាអោយទេប្រហែលខ្ញុំ៦០គីឡូហើយមើលទៅ។ មានតែខ្លួនឯងទេដែលធ្វើឲ្យយើងសំរេចគោលបំណងបាន ហើយគ្មានការជោគជ័យណាបានដោយស្រួលនោះទេ។ ខ្ញុំសុំលើកទឹកចិត្តអ្នកធាត់ៗគ្នាយើងណា”៕

ប្រភព ៖  KBN Komsan