រាជធានីភ្នំពេញ៖ ក្នុងសារពិសេស នៅយប់ថ្ងៃទី២២ ខែកុម្ភៈនេះ សម្តេច​តេជោ ហ៊ុន សែន ​បានប្រកាសថា ​​​នៅពេលនេះ ការឆ្លងរាលដាលជំងឺកូវីដ១៩ មិនបានថមថយទេ នៅក្នុងប្រទេស​កម្ពុជាយើង ហើយបន្តឆ្លង ដោយនៅសល់សំណាក់ច្រើនទៀត ដែលកំពុងវិភាគរកជំងឺកូវីដ១៩។ នៅល្ងាចនេះ រកឃើញ ១៣នាក់ទៀត ហើយការធ្វើតេស្ត ពិនិត្យលើសំណាក មិនទាន់បញ្ចប់​នៅឡើយទេ។

សម្តេចតេជោ ហ៊ុន​ សែន បានគូសបញ្ជាក់ថា ក្នុងរង្វង់ ៣ថ្ងៃនេះ មានករណីឆ្លងកូវីដ១៩ ឡើងដល់ជិត ១០០នាក់ ដែលជាចំនួនឆ្លងមិនធ្លាប់មាន តាំងពីកម្ពុជា មានកូវីដ១៩​។

ព្រឹត្តិការណ៍ឆ្លងសហគមន៍ ថ្ងៃ២០កុម្ភៈ ត្រូវបានក្រសួងសុខាភិបាល ប្រកាស​នៅព្រឹកថ្ងៃទី២២កុម្ភៈនេះថា មានអ្នកឆ្លងកូវីដ១៩ ចំនួន ៧៦នាក់។ ក្នុងនោះ ខ្មែរ ១០នាក់ ចិន ៦៤នាក់ វៀតណាមម្នាក់ និងកូរ៉េម្នាក់។

សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍នៅពេលនេះ លំបាកជាងព្រឹត្តិការណ៍ ៣វិច្ឆិកា និងព្រឹត្តិការណ៍ ២៨វិច្ឆិកា ព្រោះយើងឃើញពន្លឹខ្លះ តែនៅទីងងឹតច្រើនទៀត រកមិនបាន​ ៕