គ្នាយើងមួយចំនួន អាចជាទម្លាប់ទៅហើយទាក់ទងនឹងការពាក់គ្រឿងអលង្ការដូចជា ចិញ្ចៀន ក្រវិល ខ្សែក ពាក់ជាប់មិនដោះចេញ ហើយពាក់ទាំងនៅពេលងូតទឹក និងពេលគេង។ ដូចនេះ ក៏មានសំណួរជាច្រើនដូចគ្នាថា តើការពាក់គ្រឿងអលង្ការជាប់បែបនេះនឹងបង្កបញ្ហាដល់ស្បែកឬអត់?

ទាក់ទងបញ្ហានេះ លោកស្រី សាស្រ្តាចារ្យ វេជ្ជបណ្ឌិត Marina Peredo អ្នកជំនាញសិក្សាពី ជំងឺស្បែក នៃមន្ទីរពេទ្យ Mount Sinai ក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក បានលើកឡើងថា ជាការពិតការ ពាក់គ្រឿងអលង្ការជាប់បែបនោះពុំមានកើតជាបញ្ហាខ្លាំងគួរឱ្យព្រួយបារម្ភនោះទេ ដរាបណាយើងបាន សម្អាតរបស់ទាំងនោះបានស្អាត និងទៀងទាត់។

ប៉ុន្តែ លោកស្រីបន្ថែមថា អ្វីដែលត្រូវយកចិត្តទុកដាក់បន្តិចនោះ គឺគ្រឿងអលង្ការមួយចំនួនផលិតឡើងពុំមានគុណភាពល្អនឹងបង្កជាបញ្ហាតិចតួច មួយចំនួនដូចជាបង្កឱ្យរោល ឬរលាកស្បែក។ លោកស្រី វេជ្ជបណ្ឌិត ឲ្យដឹងទៀតថា គ្រឿងអលង្ការធ្វើពីលោហៈ ដូចជា មាស ប្រាក់ ប្លាទីន ដែលមានលាយបន្ថែមជាតិនីកែល អាចបង្កឱ្យរោលស្បែកបាន ហើយពិសេស ធ្វើឱ្យស្បែកស្រអាប់ ខ្មៅ ស្របពេលដែលពពួកគ្រឿងអលង្ការគុណភាពល្អសុទ្ធនឹងមិនបង្កបញ្ហាទាំងនេះទេ។

ទោះជាយ៉ាងណា អ្នកឯកទេសផ្នែកជំងឺស្បែកខាងលើ បានបញ្ជាក់ជាសង្ខេបខ្លីថា ការពាក់គ្រឿង អលង្ការជាប់នឹងមិនបង្កបញ្ហាធ្ងន់ធ្ងរដល់ស្បែកនោះទេ ទោះពេលងូតទឹក ពេលគេង ឬសកម្មភាពប្រចាំថ្ងៃ ប៉ុន្តែលោកស្រីណែនាំឱ្យ ដោះទុកគ្រឿងអលង្ការនៅពេលខ្លះ ក៏ជាជម្រើសប្រសើរមួយហើយការចេះ ជ្រើសរើសគ្រឿងអលង្ការដែលមានគុណភាពល្អ គឺជាជម្រើសកាន់តែប្រសើរផងដែរ៕