រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា បើគិតចាប់តាំងពីថ្ងៃទី១០-១៩ ខែកុម្ភៈ ឆ្នាំ២០២១​ ចំនួនអ្នក​ស្ម័គ្រចិត្តមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ (Sinopharm Beijing Institute of Biological Products) មានចំនួន​ម៉ឺននាក់។

លោកស្រីវេជ្ជបណ្ឌិត  ឱ  វណ្ណឌីន  រដ្ឋលេខាធិការ  និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា​ បានបញ្ជាក់ថា បើគិតត្រឹមយៈពេលខាងលើនេះ មានអ្នកស្ម័គ្រចិត្តមកទទួលការចាក់ មានចំនួនជាង ៥៧ ០០នាក់។ ក្នុងចំណោមអ្នកស្ម័គ្រចិត្តទាំងនោះ រួមមាន​ ៖​

១-សរុបអ្នកមកចាក់វ៉ាក់សាំងកូវីដ-១៩  ៖  ៥ ៧៤១នាក់  (ស្រី ២ ២៣៩នាក់) ។

២-អ្នកបានចាក់វ៉ាក់សាំងរួច៖ ៤ ៦០៩នាក់  (ស្រី ១ ៦០៣នាក់)។

៣-អ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់៖ ១ ១៣២នាក់  (ស្រី  ៦៣៦នាក់)។

ដោយឡែក ក្រសួងការពារជាតិវិញ បានបញ្ជាក់ដែរថា បើគិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងការពារជាតិកម្ពុជាបានចាក់វ៉ាក់សាំង​ស៊ីណូហ្វាម (Sinopharm) របស់ចិន សម្រាប់បង្ការ​ជំងឺកូវីដ-១៩ ជូនកងកម្លាំងកើនដល់​១៧​ ០៥២នាក់ ហើយក្នុងនោះមាននារី ១ ២១៤នាក់។

សូមជម្រាបថា ជំនួយវ៉ាក់សាំងបង្ការកូវីដ (ស៊ីណូហ្វាម) របស់មិត្តចិន ជាជំហានដំបូង មានចំនួន៦​សែនដូស ក្នុងចំណោម១លានដូស ដែលផ្តល់ជូនតាមសំណើរបស់ក្រសួងការពារជាតិ ហើយ​ត្រូវបានដឹកមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ។ ដោយឡែក​៤សែនដូសទៀត នឹងមកដល់កម្ពុជា ជាបន្តបន្ទាប់៕