រាជធានីភ្នំពេញ៖ តាមការគ្រោងទុក កញ្ញា មាស សុខ សោភា បានចុះកុងត្រា ជាមួយផលិតកម្ម រាម ជាផ្លូវការ នាល្ងាចថ្ងៃទី១៩កុម្ភះ ឆ្នាំ២០២១នេះ ក្រោយការផ្សព្វផ្សាយកន្លងមក ដែលធ្វើឲ្យអ្នកគាំទ្រទន្ទឹងរង់ចាំ បទចម្រៀង ថ្មី ក្នុងការចូលមកកាន់ REAM PRODUCTION  ហើយក៍ជាតារាចម្រៀងដំបូងរបស់ផលិតកម្មផងដែរ។

កំពូលតារាចម្រៀង ឯករាជ្យ មាស សុខ សោភា បានបញ្ចាក់ក្នុងសន្និសិទ្ធិសារពត៍មាន ថា ពីមុនឡើយ ខ្លួនមិនដែលចុះកុងត្រា ជាមួយផលិតកម្ម ណានោះទេកន្លងមក ។ ប៉ុន្តែនេះគឺជាលើកទី១ ដែលសម្រេចចិត្តចុះកុងត្រា រយៈពេល១ឆ្នាំ ជាមួយ ផលិតកម្ម ឬ អាចមួយជីវិត ក្នុងអាជីពជាអ្នកចម្រៀងរបស់ខ្លួន។

តារាចម្រៀង សំលេងផ្អែមស្រទន់ បានសង្កត់ធ្ងន់ថា មូលហេតុដែលខ្លួនចូលផលិតកម្ម មួយនេះ ព្រោះតែមានគោលដៅដូចគ្នា នៅក្នុងការផលិត ទាំងបទចម្រៀង និង រឿងកុន ដែលផលិតឡើង តាមបែបខ្មែរបុរាណ ។ ហើយការចូលមកកាន់ដំបូលថ្មីនេះ គឺ ធ្វើឲ្យនាង ខ្ញុំកក់ក្តៅ មានសន្តិភាព និង សុវត្ថិភាព ។ នេះជាសម្តីរបស់ មាស សុខសោភា ។

លោក ស្រី នួន សុន្ទរី ម្ចាស់ផលិតកម្ម រាម បានឲ្យដឹងថា ការបង្កើតផលិតកម្មនេះឡើង មិនមែន ដើម្បីអាជីវកម្មនោះទេ ព្រោះចំណាយដើមទុនច្រើនណាស់ ទាំងសម្ភារៈដូចជាកាំមេរ៉ា សម្រាប់ថតកុន ហូលីវូត ទីកន្លែង និង តួរសម្តែងជាដើម ។ បន្ថែមពីនោះ ផលិតកម្ម ក៍មិនមានគម្រោងប្រកួតប្រជែង ជាមួយផលិតកម្មណានោះដែរ ហើយអ្វីដែលជាគោលដៅ បន្ត គឺនិងធ្វើកិច្ច សហការក្នុងការថតរឿងខ្នាតធំ និង បង្កើតនូវសាលាបណ្តុះបណ្តាល ដល់ យុវជនដែលស្រឡាញ់វិស័យសិល្បះ ។

លោកស្រី បន្ថែមថា ផលិតកម្មរាម បង្កើតឡើង គឺ គិតគុណភាពជាចម្បង ដោយមិនគិតទៅលើបរិមាណ នោះទេ ឧទាហរណ៍ ជាក់ស្តែង ដូចជា បទចម្រៀងរបស់ កញ្ញា មាស សុខ សោភា គឺចេញមួយបទ ប៉ុណ្ណោះ សម្រាប់ជំហានដំបូង ដែលមាន ចំណងជើងថា “ ត្រលប់ ” ។ មួយបទមែនពិត ប៉ុន្តែ ទាំងគុណភាព និង ការសម្តែង គឺ និងទទួលបានការកោត សរសើរ ពីទស្សនិកជន ដែលទន្ទឹងរង់ចាំ បទចម្រៀង របស់ មាស សុខ សោភា ចេញជាផ្លូវការ នៅក្នុងថ្ងៃនេះ។

បញ្ជាក់ដែរថា កញ្ញា មាស សុខសោភា បានចុះកិច្ចសន្យា ជាមួយផលិតកម្មរាម រយៈពេល១ ឆ្នាំ សម្រាប់ជំហ៊ានដំបូង នៃការមកកាន់ ទ្រនំថ្មី ។ ទាំងអ្នក គាំទ្រ និង តារាចម្រៀង ជាពិសេស ផលិតកម្មផ្ទាល់ បានដាក់ក្តីសង្ឃឹមយ៉ាង មុតមាំថា រាល់ការចេញនូវ បទចម្រៀង ឬ ការថតខ្សែរភាពយន្ត ប្រកបទៅដោយ គុណភាព និងទទួលបានជោគជ័យ ជាពិសេសការគាំទ្ររបស់ប្រជាជនកម្ពុជា ទាំងមូល៕