រាជធានីភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ការសាងសង់ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ គិតត្រឹមថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ សម្រេចបាន២៧,១០%ហើយ។

គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២នេះ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយគម្រោងផ្លូវនេះមានប្រវែងសរុប ៧២,១៧ គីឡូម៉ែត្រ ដែលក្នុងនោះកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ មានប្រវែង ៦២,៥៦ គីឡូម៉ែត្រ និងផ្លូវជាតិលេខ២២ ពីអូរចំបក់ ដល់ អង្គតាសោម មានប្រវែង ៩,៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តតាកែវ។

ការស្ថាបនាផ្លូវជាតិទាំងពីរខ្សែខាងលើ ចែកចេញជាបីផ្នែករួមមាន៖ ផ្នែកទី១- កំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់ផ្លូវប្រសព្វមហាវិថី សម្តេចតេជោហ៊ុនសែន មានប្រវែង ៤,៣៤គីឡូម៉ែត្រ ដែលនឹងត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២០ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ AC ទទឹង ១៥ម៉ែត្រ ចែកចេញជាបួនគន្លង (២គន្លងទៅ ២គន្លងមក) ខ័ណ្ឌដោយគំនូសចែកទ្រូងផ្លូវ។ ចិញ្ចើមផ្លូវសង ខាងទទឹង ០,៥ម៉ែត្រ ផ្លូវថ្មើរជើងសងខាងទទឹង ២,៥ម៉ែត្រ ប្រព័ន្ធរំដោះទឹក បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាព និងអំពូលអគ្គិសនីបំភ្លឺផ្លូវ នៅតាមទីប្រជុំជន។

ផ្នែកទី២- កំណាត់ផ្លូវជាតិលេខ២ ចាប់ពីផ្លូវប្រសព្វមហាវិថី សម្តេចតេជោហ៊ុនសែន ដល់រង្វង់មូលកួរស្រូវ ប្រវែង ៤,៤១គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២០,៥០ម៉ែត្រ ក្រាលបេតុងកៅស៊ូ AC ទទឹង ២០,៥០ម៉ែត្រ មានបួនគន្លង (២គន្លងទៅ ២គន្លងមក) រួមមាន គន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដ ទទឹងសរុប ១៤ម៉ែត្រ និងម៉ូតូទទឹងសរុប ៥ម៉ែត្រ ខ័ណ្ឌដោយរបាំងថ្មពុះចែកទ្រូងផ្លូវ បំពាក់ផ្លាកសញ្ញាចរា ចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាព និងអំពូលអគ្គិសនីបំភ្លឺផ្លូវ នៅតាមទីប្រជុំ ជន។

ផ្នែកទី៣- កំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ចាប់ពីរង្វង់មូលកួរស្រូវ ដល់ផ្លូវបំបែកផ្លូវជាតិ លេខ៣ (អង្គតាសោម) ប្រវែង ៦៣,៤២គីឡូម៉ែត្រ ត្រូវពង្រីកទទឹងផ្លូវរហូតដល់ ១៣ម៉ែត្រ ដោយក្រាល បេតុងកៅស៊ូ AC ទទឹង ១៣ម៉ែត្រ ចែកចេញជាពីរគន្លង (១គន្លងទៅ ១គន្លងមក) ក្នុងនោះរួមមាន គន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដទទឹងសរុប ៧ម៉ែត្រ និងម៉ូតូទទឹងសរុប ៦ម៉ែត្រ ខ័ណ្ឌដោយ គំនូសចែកទ្រូងផ្លូវ សាងសង់ប្រព័ន្ធរំដោះទឹកនៅតាមទីប្រជុំជន បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូស ចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោល សុវត្ថិភាព និងអំពូលអគ្គិសនីបំភ្លឺផ្លូវ នៅតាមទីប្រជុំជន។

គម្រោងធ្វើឱ្យប្រសើរឡើងវិញនេះគ្រោងចំណាយថវិកា ៥៦,១លានដុល្លាសហរដ្ឋអាមេរិក ដែលជា ហិរញ្ញប្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េខាងត្បូងនិងថិវកាបដិភាគរបស់រាជ រដ្ឋាភិបាលកម្ពុជា។ គម្រោងនេះ សាងសង់ដោយយក្រុមហ៊ុន Hasan Engineering & Constructions Co., Ltd និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយសម្ព័ន្ធក្រុមហ៊ុន Dasan Constructions Co., Ltd, Dong II Engineering Consultants Co., Ltd និង Seoyoung Engineering Co., Ltd Join Venture ប្រើប្រាស់រយៈពេល៣០ខែ គឺពីខែតុលា ឆ្នាំ២០១៩ ដល់ខែមេសា ឆ្នាំ២០២២៕