(ភ្នំពេញ)៖ មនុស្ស៣នាក់ មានពាក់ព័ន្ធក្នុងករណីក្មេងប្រុសជាសិស្សសាលាឯកជន នៅខណ្ឌជ្រោយចង្វារ ដែលបានប្រើប្រាស់រថយន្តពាក់ផ្លាកលេខ នប បំពាក់ស៉ីរ៉ែន ជិះទៅសាលារៀន ត្រូវបាននគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កោះហៅឲ្យចូលមកបំភ្លឺ។

លោក សាន សុខសីហា បានបញ្ជាក់ថា មនុស្ស៣នាក់ដែលពាក់ព័ន្ធក្នុងករណីនេះ ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កោះហៅឲ្យចូលមកបំភ្លឺ រួមមានឈ្មោះ តាន់ សម្បត្តិឧត្តម ជាសិស្សសាលាឯកជន ដែលបានបើករថយន្តផ្លាកលេខ នប ទៅសាលារៀន ព្រមជាមួយម្ចាស់រថយន្តត្រូវជាបងប្រុសឈ្មោះ តាន់ វិទ្យាបុត្រ ជាមន្ត្រីនគរបាលនៅបណ្ឌិតសភានគរបាលជាតិ រួមជាមួយម្ចាស់ដើមរថយន្តឈ្មោះ ភ័ណ្ឌ ជីវិន ជាមន្ត្រីនគរបាលនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

លោកបន្តថា បន្ទាប់ពីបានការរាយការណ៍ពីប្រជាពលរដ្ឋ ក៏ដូចជាការចុះផ្សាយព័ត៌មាន នៅលើបណ្តាញសង្គមហ្វេសបុកភ្លាម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ធ្វើការសហការជាមួយការិយាល័យចរាចរណ៍ផ្លូវគោក និងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីធ្វើការស្រាវជ្រាវ ឲ្យបានដឹងច្បាស់អំពីព័ត៌មាន ដែលបានចុះផ្សាយ នេះ។ ក្រោយពីធ្វើការចុះស្រាវជ្រាវ ដល់ទីតាំងសាលារៀនដោយផ្ទាល់ បានឲ្យដឹងថា ពិតជាមានសិស្សសាលាម្នាក់ឈ្មោះ តាន់ សម្បត្តិឧត្តម បានជិះរថយន្តផ្លាកលេខ នប បំពាក់ស៉ីរ៉ែន មកសាលារៀនពិតប្រាកដមែន។

រហូតមកដល់រសៀលថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២១ សមត្ថកិច្ចជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោក បានរកឃើញរថយន្តនេះ និងបាននាំយកទាំងរថយន្ត និងអ្នកបើកបរដើម្បីធ្វើការសួរនាំ នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ នៅរសៀលថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២១ អ្នកពាក់ព័ន្ធទាំង៣រូបខាងលើត្រូវបានសមត្ថកិច្ចនៃការិយាល័យចរាចរណ៍ផ្លូវគោក ធ្វើការកោះហៅឲ្យចូលខ្លួនមកបំភ្លឺលើករណីប្រើប្រាស់រថយន្តផ្លាកលេខ នប បំពាក់ស៉ីរ៉ែនជិះទៅសាលារៀន។

តាមចម្លើយរបស់ក្មេងប្រុស តាន់ សម្បត្តិឧត្តម បានទទួលស្គាល់កំហុស និងបានសារភាពថា រូបគាត់ពិតជាបានយករថយន្តបងប្រុសរបស់គាត់ ដែលពាក់ផ្លាកលេខនប បំពាក់ស៉ីរ៉ែន ជិះទៅសាលារៀនពិតប្រាកដមែន។

តាមការស្រាវជ្រាវ និងបញ្ជាក់យ៉ាងច្បាស់ពីការិយាល័យភស្តុភា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រថយន្តដែលពាក់ផ្លាកលេខ នប 2. 8763 មិនមាននៅក្នុងបញ្ជីសារពើភណ្ឌរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឡើយ ជាក់ស្តែងរថយន្តនេះត្រូវបានម្ចាស់ដើមឈ្មោះ ភ័ណ្ឌ ជីវ័ន ដែលជាអតីតមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ (បច្ចុប្បន្នជាមន្ត្រីនគរបាលនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ) បានស្នើសុំធ្វើផ្លាកលេខនប យកមកបំពាក់លើរថយន្តឯកជនរបស់ខ្លួន តាំងពីឆ្នាំ២០១៦មកម្ល៉េះ លុះក្រោយមកខែតុលា ឆ្នាំ២០២០ ឈ្មោះ ភណ្ឌ ជីវ័ន បានលក់រថយន្តនេះទៅឲ្យ មិត្តភក្តិរបស់ខ្លួនឈ្មោះ តាន់ វិទ្យាបុត្រ ដែលជាមន្ត្រីនគរបាលនៅរាជបណ្ឌិតសភានគរបាលជាតិ។

អ្នកពាក់ព័ន្ធទាំង៣រូបនេះ បានទទួលស្គាល់នូវកំហុសរបស់ខ្លួន ជាពិសេសបានធ្វើការសុំទោសជាសាធារណ: ចំពោះប្រជាពលរដ្ឋទូទៅ ជាពិសេសសមត្ថកិច្ចនគរបាលជាតិ នូវកំហុសរបស់ខ្លួន ដែលបានអនុញ្ញាតឲ្យប្អូនប្រុសរបស់ខ្លួនប្រើប្រាស់រថយន្តពាក់ផ្លាកលខនប បំពាក់ស៉ីរ៉ែន ជិះទៅសាលារៀន ដែលខុសពីច្បាប់បានកំណត់។

ក្រោយពីទទួលស្គាល់កំហុស ធ្វើកិច្ចសន្យា និងសុំទោសជាសាធារណៈរួច សមត្ថកិច្ចការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការប្រគល់រថយន្ត និងមនុស្សទាំង៣នាក់នេះ ទៅនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណ: ដើម្បីត្រួតពិនិត្យឲ្យបានច្បាស់អំពីផ្លាកលេខ ជាពិសេសនីតិវិធីផ្សេងៗពាក់ព័ន្ធនឹងការលក់ដូររថយន្តផ្លាកលេខនប និងការប្រើប្រាស់រថយន្តពាក់ផ្លាកលេខនប បំពាក់ស៉ីរ៉ែន ជិះទៅសាលារៀនដោយជនស៉ីវិល ដែលមិនមែនជាសមត្ថកិច្ច។

ម្យ៉ាងវិញទៀតដោយរថយន្តនេះ មិនមែនជារថយន្តរបស់អង្គភាព នាយកដ្ឋានចរាចរណ៍នឹងធ្វើការដោះស៉ីរ៉ែនចេញ ហើយដោយការយករថយន្តនេះទៅប្រើប្រាស់ខុសគោលការណ៍ សមត្ថកិច្ចនឹងធ្វើការដកហូតផ្លាកលេខនប មករក្សាទុកមិនអនុញ្ញាតឲ្យប្រើប្រាស់បន្តទៀតឡើយ ។ ចំណែកម្ចាស់ដើមរថយន្ត និងម្ចាស់បច្ចុប្បន្ន ដែលជាមន្ត្រីប៉ូលិស នោះ នាយកដ្ឋានចរាចរណ៍ និងការិយាល័យចរាចរណ៍ផ្លូវគោក នឹងធ្វើរបាយការណ៍គោរព ជូនទៅប្រធានអង្គភាពរបស់គាត់ទាំងពីរ ដើម្បីអនុវត្តបន្ត និងដាក់វិន័យកងកម្លាំងចំពោះកំហុសនេះផងដែរ៕