ភ្នំពេញ ៖ មហាជនភាគច្រើនប្រាកដជាបានដឹង និងស្គាល់រួចមកហើយពីឈ្មោះរបស់លោក អួន បឋម ហៅសាយ ដែលលោកបានប្រើពេលចំនួន៩៩ថ្ងៃ ដើម្បីរត់ជុំវិញប្រទេសកម្ពុជា ដោយបានឆ្លងកាត់ ២១ខេត្ត-ក្រុង ក្នុងបំណងរៃអង្គាសប្រាក់ និងបានបំផុសសកម្មភាពមនុស្សធម៌ទៅដល់យុវវ័យ។


លោក សាយ ក៏ធ្លាប់បានធ្វើការប្រកាសអំពីការលេងហ្គេមបរិច្ចាគប្រាក់ម្នាក់១ដុល្លារ ដើម្បីជួយទៅដល់មន្ទីរពេទ្យ កុមារអង្គរ ខណៈដែលពេលនោះឃើញមានមហាជនជាច្រើនបាននាំគ្នាចូលរួមយ៉ាងច្រើនកុះករ រហូតទទួលបានប្រាក់ជាច្រើនលើសពីការរំពឹងទុក។


តួយ៉ាងកាលពីពេលថ្មីៗនេះ គេក៏បានឃើញលោក សាយ បានគ្រងឈុតហនុមាន ដែលស្ថិតនៅក្នុងរឿង រាមកេរ្តិ៍ និងជាស្នាដៃអក្សរសិល្ប៍របស់ខ្មែរផងនោះ បានធ្វើឲ្យមានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្តាញសង្គម ក៏ដូចជាមហាជនជាច្រើនបានចូលទៅបង្ហាញការសរសើរដល់លោក សាយ ដែលលោកក៏ជាផ្នែកមួយក្នុងការលើកតម្កើងតម្លៃសិល្បៈ វប្បធម៌ខ្មែរ។


បន្ថែមពីលើនេះលោកក៏បានសរសេរពាក្យពេចន៍មួយចំនួនថា “ការស្រលាញ់វប្បធម៌ មិនមែនស្រលាញ់គ្រាន់តែនិយាយឲ្យរួចពីមាត់នោះទេ ការរក្សាវប្បធម៌ក៏មិនមែនគ្រាន់តែរក្សានៅតែក្នុងចិត្តនោះដែរ គឺត្រូវបង្ហាញការគោរព ការស្រលាញ់ ដោយការអនុវត្ត ការបង្ហាញការចូលរួមគាំទ្រ ការលើកតម្កើងវប្បធម៌ជាតិរបស់ខ្លួន ការជួយផ្សព្វផ្សាយ និងការថែរក្សានូវវប្បធម៌ជាតិ ឲ្យបានគង់វង្សស្គាល់ដល់យុវជនជំនាន់ក្រោយដោយមោទកភាព។ ខ្ញុំបាទ សាយ សូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបអោយស្រលាញ់វប្បធម៌ជាតិ បេតិកភណ្ឌជាតិ និងចូលរួមថែរក្សាវប្បធម៌ជាតិទាំងអស់គ្នា។ វប្បធម៌រលំជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន #រត់ជាមួយសាយ #រត់ដើម្បីទិវាវប្បធម៌ជាតិ #ព្រឹត្តិការណ៍សម្តែងល្ខោនខោលដ៏អស្ចារ្យ #ឆាប់ៗនេះ”៕